ព្រះសង្ឃ និងអាចារ្យ គណកម្មាការវត្តពោធិមារាម ធ្វើពិធីគោរពព្រះវិញ្ញាណខ័ន្ធ ព្រះបរមរតនកោដ្ឋ


ល្ងាចថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ​ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៨ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត គណៈមហានិកាយ និងជាព្រះចៅអធិការវត្តពោធិមា​រាម ហៅវត្តប៉ាហ៊ី រួមនឹងព្រះសង្ឃ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទជើងវត្ត​ជា​​ច្រើននាក់ទៀត បានរៀបចំកម្មវិធីគោរពព្រះវិញ្ញាណខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ  ព្រះបរមរតនកោដ្ឋ, គម្រប់ខួប៦ឆ្នាំ(១៥ តុលា ២០១២- ១៥តុលា ២០១៨) នៅក្នុងអាវាសវត្ត​ពោធិមារាម ហៅវត្តប៉ាហ៊ី។

ពិធីគោរពវិញ្ញាណខ័ន្ធនេះ បានធ្វើឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមាន​ធ្វើបទ​នមសិកា ថ្វាយបង្គំព្រះរតនត្រៃយ៍ សមាទានសីល និងថ្វាយនូវព្រះរាជកុសល​ ជូនចំពោះដួងវិញ្ញាណ​ខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ  ព្រះបរម​រតនកោដ្ឋ និង​បានថ្វាយនូវព្រះរាជកុសល ជូនចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវរ​រាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាត់​ដល់កូនចៅរបស់​ព្រះអង្គ​តរៀងរហូតទៅ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹក​នាំខេត្ត មន្រ្តីរាជការក្នុងខេត្តប៉ៃលិន និងប្រជាពលរដ្ឋទាំងអស់ សូមបានសុខ សន្តិភាព និងការអភិវឌ្ឍ​រីកចំរើនជារៀងរហូតទៅ៕ ដោយ៖ វួច ពឿន