ផ្លូវចាក់បេតុងមួយខ្សែថ្មីទៀត ប្រវែងជិត១គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧, ជិតវិមានឯករាជ្យ, ក្នុងភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, នឹងត្រូវបានអាជ្ញាធរខេត្តចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ សំរាប់សំរួលដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋ ក៏ដូចជាការកែលំអសោភ័ណភាពទីក្រុងអោយស្រស់ឆើតឆាយផងដែរ។
គំរោងកសាងផ្លូវបេតុងនេះ ក៏ត្រូវបានឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ទីរ អង្គភាពជំនាញចុះមកពិនិត្យ សិក្សាម្តងរួចមកហើយដែរ កាលពីពេលថ្មីៗកន្លងទៅនេះ។ ដោយឡែក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការចុះវាស់វែងអ័ក្សផ្លូវ និងចំណីផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវបេតុងនេះ នាពេលខាងមុខតែម្តង ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ការកសាងផ្លូវបេតុងនេះ ក៏ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ក្នុងការជួយសំរួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ និងការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ លោក ស៊ុន យី ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានកិច្ចសហករល្អជាមួយមន្រ្តីជំនាញ សំរួលដល់ការងារកសាងផ្លូវបេតុងនេះ មានការអធ្យាស្រ័យ យោគយល់ខ្ពស់ និងមានការបរិចាកនូវដីចំណែកណាមួយរបស់បងប្អូន ដែលប៉ះពាល់នឹងដីចំណីផ្លូវ ព្រោះផលប្រយោជន៍នៃផ្លូវបេតុងនេះ មានតម្លៃធំធេងជាងចំណែកដីបន្តិចបន្ទួចរបស់បងប្អូន៕ ដោយ៖ វួច ពឿន