(15-08-2015) ប៉ៃលិន៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ លោក ឌឹន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងសង្កាត់ទួលល្វា ព្រះតេជគុណ សាន់ លី ព្រះមេគនធម្មយុត្តិកនិកាយ ខេត្តប៉ៃលិននិងជាចៅអធិការវត្តសន្តិមារាម(ហៅវត្តអូរច្រារ) លោកចៅសង្កាត់ទួលល្វា និងសមាជិកក្រុមការងារមួយចំនួនទៀតបាននាំយកអំណោយចែក ជូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៩គ្រួសារគឺនៅភូមិអូរច្រាលកណ្តាល១គ្រួសារ ភូមិអូរច្រាកើតចំនួន៤គ្រួសារនិងភូមិអូរច្រាលើ៤គ្រួសារ ។
ព្រះតេជគុណ សាន់ លី ព្រះគ្រូចៅអធិការវត្តអូរច្រារបានមានសង្ឃដិកាថាៈ ដោយពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋទាំង៩គ្រួសារមានជីវភាពខ្វះខាតខ្វះលទ្ធភាពប្រកបរបររកទទួល ទាន ព្រះអង្គបានសហការជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ទួលល្វាដើម្បីចែករំលែកជាស្បៀងអាហារជូនបងប្អូនកំពុងខ្វះខាតនៅពេលនេះ។ព្រះអង្គមានសង្ឃដិកាបន្តថាៈ នេះគឺជាវប្បធម៌ចែករំលែករវាងពុទ្ធចក្រនិងអាណាចក្រ ព្រោះថាបើប្រជាពលរដ្ឋមានហូបចុកគ្រប់គ្រាន់ក៏បានជួយទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យរីកចំរើននិងគង់វង្សបានយូរអង្វែង តែបើពុទ្ធបរិស័ទខ្វះខាតវិញ ព្រះសង្ឃក៏មានតួនាទីជួយដល់ពុទ្ធបរិស័ទ្ធវិញផងដែរ។
លោក ឌិនគីម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វាបានមានប្រសាសន៍ថាៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយជំរុញដល់មន្ត្រីគណបក្សថ្នាក់ក្រោមចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតជាបន្ត បន្ទាប់មិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹងនោះទេ។ជាក់ស្តែងពេលនេះដោយមានកិច្ចសហការជាមួយព្រះសង្ឃវត្តអូរច្រារនិងវត្តអូររអិលនិង ក្រុមការងារបាននាំយកស្បៀងអាហារទៅចែកជូនបងប្អូនតែម្តង បើទោះបីអំណោយនេះវាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយះធំដើម្បីផ្តល់ឱកាសបងប្អូនបង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត។
ស្បៀងអាហារដែលចែកជូនបងប្អូនទាំង ០៩គ្រួសារ ក្នុង ១គ្រួសារទទួលបានអង្ករ ៥០kg មី១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួ ស្ករស ៥kg និងថវិកា ១០ម៉ឺនរៀល។
[youtube id= “l31TkZtcfE4”]