ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា នាំយកថវិកា គ្រឿងឧបភោគ បរិភោគទៅចូលរួមបុណ្យសពប្រធានភូមិទួលល្វា


ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨  ឯកឧត្តម ឌឹន គឹម ទីប្រឹក្សាសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​សង្កាត់​ទួលល្វា រួមដំណើរដោយ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល លោក-លោក​ស្រី អនុប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជាចុះជួយសង្កាត់ទួលល្វា ព្រមទាំងសមាជិក សមាជិការក្រុមការងារមួយចំនួនទៀត បាននាំយកនូវថវិកា​ចំនួន៦០​ម៉ឺនរៀល ទឹកសុទ្ធ២០យួ ទឹកក្រូចដបធំ១យួ និងអង្ករ៥០ គីឡូក្រាម ទៅចូលរួមក្នុងកម្មវិធីបុណ្យសព លោក កាយ រ៉ើន ប្រធានភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដោយរោគាពាធ។

ឯកឧត្តម ឌឹន គឹម ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​សង្កាត់​ទួលល្វា បានសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោកស្រី សាំង សឿត ត្រូវជាភរិយា និងកូនចៅ បងប្អូន កូនក្មួយទាំងអស់ ដែលបានបាត់បង់លោក កាយ រ៉ើន ដែលត្រូវជាស្វាមី ជាឪពុក ជាបងប្អូនដែលល្អ ជាទីម្លប់ត្រជាក់សម្រាប់កូនចៅ ក្រុមគ្រួសារទាំងអស់។ លោកបានបន្តថា ការបាត់បង់លោក កាយ រ៉ើន ក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំភូមិម្នាក់ ដែលសកម្ម ស្អាតស្អំ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ បំរើ​សេវាសាធារណៈជូប្រជាពលរដ្ឋក្នុងភូមិ។ ឯកឧត្តម ឌឹន គឹម ក៏បានមានប្រសាសន៍ណែនាំសូមអោយលោកស្រី សាំង សឿត និងកូនចៅទាំងអស់ ត្រូវខិតខំកាត់ចិត្ត កុំមានការទុក្ខព្រួយខ្លាំងពេក ព្រោះជីវិត គឺមិន​ទៀង​ទាត់​ឡើយ មានជួប មានព្រាត់ជារឿងធម្មតា តែអ្វីដែលយើងត្រូវធ្វើបន្ត គឺខិតខំណែនាំ អប់រំកូនចៅអោយបានល្អ ក្លាយជាពលរដ្ឋល្អក្នុងសង្គម និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបង្កើនជីវភាពគ្រួសារអោយសំបូរធូរធាបន្តទៀត៕ ដោយ៖ វួច ពឿន