ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តគណៈមហានិកាយ ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណខេត្ត គណៈធម្មយុត្តិកៈនិកាយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទមួយចំនួនទៀត បាននិមន្ត និងអញ្ជើញនាំយកនូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកដោះគោ ត្រីខកំប៉ុង នំអន្សម នំគម និងថវិកា ដែលបានពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ និងជាអំណោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត, ទៅចែកជូនដល់នាយ និងពលទាហាននៃវរសេនាតូចលេខមួយ ចំណុះតំបន់ប្រតិប័ត្តកាសឹករងខេត្តប៉ៃលិន, មេបញ្ជាការ បញ្ជាការរងនៃនគរបាលការពារព្រំដែនគោកលេខ៨២១, និងកងរាជអាវុធហត្ថខេត្តប៉ៃលិន។
អំណោយដែលបានយកទៅចែកជូនដល់កងកំលាំងប្រដាប់អាវុធនាពេលនោះ រួមមាន៖ អង្ករ៣២ការ៉ុង(១ការ៉ុង=៥០គីឡូក្រាម) , ទឹកសុទ្ធ១៦០យួ, ទឹកក្រូច និងទឹកផ្លែឈើ២៥កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ៩០យួ, មី៤០កេស, ត្រីខ៧យួ, ទឹកដោះគោ៤០កំប៉ុង, ប្រេងឆា៤យួ, ព្រមទាំងនំអន្សម នំគម នំចេកជាច្រើនទៀត ដែលត្រូវចែកជូនដល់ស្ថាប័ននីមួយៗតាមចំនួននៃនាយ និងពល នៅក្នុងស្ថាប័ននោះ។ ដោយឡែកថវិកាវិញ គឺត្រូវបានផ្តល់ជូនដល់អង្គភាពនគរបាលការពារព្រំដែនគោកលេខ៨២១ចំនួន១.៥០០.០០០រៀល, អង្គភាពកងរាជអាវុធហត្ថចំនួន១.០០០.០០០រៀល និងអង្គភាពវរសេនាតូចលេខមួយ ចំណុះតំបន់ប្រតិប័ត្តកាសឹករងខេត្តប៉ៃលិនចំនួន២.០០០.០០០រៀល ព្រមទាំងបានចែកជូនដល់នាយ និងពលទាហានទាំងបីស្ថាប័នសរុបចំនួន២៦៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀលផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយដែលបានយកមកចែកជូនដល់នាយ និងពលទាហានទាំងបីស្ថាប័ន ដែលកំពុងឈរជើងការពារព្រំដែននាពេលនេះ គឺជាស្មារតីសមរភូមិក្រោយ ជួយដល់សមរភូមិមុខ។ ថ្នាក់ដឹកនាំ មន្រ្តីរាជការព្រះសង្ឃ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយមិនដែលភ្លេចពីគុណូបការៈរបស់វីរកងទ័ព ដែលកំពុងឈរជើងការពារព្រំដែននៅជួរខាងមុខនោះឡើយ ហើយតែងតែបានចែករំលែកនូវធនធានរបស់ខ្លួនដើម្បីជួយដល់វីរៈកងទ័ពរបស់យើង។ ឯកឧត្តមបានបន្តថាៈ ជាក់ស្តែងការនាំយកនូវអំណោយមកចែកជូនដល់កងទ័ពជួរមុខរបស់យើងនេះ គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែររួចមក ដែលអំណោយមួយភាគធំគឺជាការជួយឧបត្ថម្ភរបស់ព្រះសង្ឃមកពីបណ្តាវត្តអារាមនានាក្នុងខេត្តប៉ៃលិន។ ឯកឧត្តមក៏បានណែនាំដល់នាយ និងពលទាហានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ មានផែនការច្បាស់លាស់ មានប្រសិទ្ធភាពក្នុងការរក្សាការពារបូរណភាពទឹកដី ការពារទប់ស្កាត់នូវបទល្មើសឆ្លងដែនអោយមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ វួច ពឿន