ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២, ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ, លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណ គណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិកៈនិកាយខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តសន្តិមារាម ហៅវត្តអូច្រា រួមដំណើរដោយមន្រ្តីរាជការមួយចំនួនទៀត បាននាំយកនូវបាយ ម្ហូប និងនំអន្សម នំគម នំចេក និងថវិកាមួយចំនួនទៀត ដែលបានពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ, ទៅផ្តល់ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន សំរាប់ចែកជូនបន្តដល់អ្នកអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និង ផ្តល់ជូនដល់មន្រ្តីពន្ធនាគារខេត្ត ដើម្បីចែកជូនបន្តដល់អ្នកជាប់ទោសនៅពន្ធនាគារខេត្តប៉ៃលិន។
លោក ជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បាយ ម្ហូប និងនំអន្សម នំគម នំចេក ដែលនាំយកទៅចែកជូនដល់អ្នកជម្ងឺនៅមន្ទីរពេទ្យ និង អ្នកជាប់ទោសនៅពន្ធនាគារនេះ គឺបានពីវត្តរតនសោភ័ណ ហៅវត្តកោងកាង និងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ដែលប្រជាពុទ្ធបរិស័ទយកមកប្រគេនដល់ព្រះសង្ឃ នាឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ និងត្រូវបានរៀបចំយ៉ាងស្អាត មានអនាម័យសំរាប់ចែកជូនបន្តទៀត។ លោកជំទាវបានបន្តថា នេះ គឺជាទឹកព្រះទ័យដ៏ល្អថ្លៃថ្លារបស់ព្រះសង្ឃ ក្នុងការចូលរួមដល់កិច្ចការសង្គម។ មានចំណីអាហារ សម្ភារៈ លុយកាក់ខ្លះៗ ព្រះសង្ឃក៏មិនភ្លេចចែករំលែកដល់ប្រជាពុទ្ធបរិស័ទដែលមានការលំបាកខ្វះខាតនោះឡើយ។ លោកជំទាវក៏បានថ្លែងអំណគុណដល់ព្រះសង្ឃទាំងពីគណៈ និងប្រជាពុទ្ធបរិស័ទទាំងអស់ និងសូមជូនបុណ្យកុសល និងជូនពរសូមអោយបាននូវសេចក្តីសុខ សប្បាយរីករាយជួបជុំក្រុមគ្រួសារ សាច់ញាតិ នាឱកាសបុណ្យផ្ជំបិណ្ឌនេះ៕ ដោយ៖ វួច ពឿន