ថ្ងៃ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ សោ មុនីរ័ត្ន អភិបាលរងខេត្ត និងកូនចៅក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ បានអញ្ជើញកាន់បិណ្ឌវេនទី១៤ នៅមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីកាន់បិណ្ឌវេណទី១៤នេះ បានប្រារព្ធធ្វើឡើងចាប់ពីល្ងាចថ្ងៃទី០៧ ខែតុលា និងបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ទៅតាមទំនៀមទំលាប់នៃពិធីបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរ ដោយពេលល្ងាចថ្ងៃទី០៧ ខែតុលា មានពិធីថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធ ពិធីថ្វាយបង្គុំព្រះរតនត្រៃ សមាទានសីល និងសម្តែងធម៌ទេសនា។ លុះដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃរួចមក ក៏មានរាប់បាត, និងការវេរប្រគេនចង្ហាន់ត្រង់ ទេយ្យទាន និងបច្ច័យបុណ្យដល់ព្រះសង្ឃ ដើម្បីទុកតម្កល់កសាងសមិទ្ធផលនានាក្នុងវត្ត និងការឧទ្ទិសវេថ្វាយនូវបុណ្យកុសល់ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានៈមាតាបិតា ជីដូនជីតា ញាតិការតាំងប្រាំពីរសណ្តាន ដែលចែកឋានទៅលោកខាងមុខ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាមប្រពៃណីប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់បានលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ,មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ, គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យទាំងពីរនេះ គឺមានន័យដូចគ្នា៕ ដោយ៖ វួច ពឿន