មួកសុវត្ថិភាពចំនួន ៤០ត្រូវបាន រដ្ឋបាលខេត្តប៉ៃលិន ចែកជូនដល់ប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយ​មន្ទីរ​សាធារណៈការ និងដឹកជញ្ជូនខេត្ត  បានបន្តចុះចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុង​គោលបំណងបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។ ការចែកមួកសុវត្ថភាពនេះបានប្រព្រឹត្តិទៅនៅបរិវេណក្បែររង្វង់មូលវិមានឯករាជ្យខេត្តប៉ៃលិន ដោយមានការចូលរួមពី ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោក សៀ ផាន អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមសមត្ថកិច្ចចម្រុះជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងពិធីចែកមួកសុវត្ថិភាពនេះ ដែរឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ការចែកមួកសុវត្ថិភាពនាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកជួនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ នូវអត្ថប្រយោជន៍អំពីការពាក់មួកសុវត្ថិភាព និងការគោរពច្បាប់ចរាចរ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ កន្លងមកអាជ្ញាធរខេត្ត ក៍ដូចមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្លាប់បានចុះផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស កម្មករ កម្មការិនី ក្នុងខេត្តប៉ៃលិនជាច្រើនលើក ច្រើនសារ ហើយយើងនៅតែបន្តទៀតអោយដូចភ្លៀងរលឹម។ ឯកឧត្តម ចេង ញ៉ាន់ ក៍បានសំណូមពរ ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកបញ្ជា​យានយន្តគ្រប់ប្រភេទ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពនូវគោលការណ៍ក្រមសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយ ទី១- មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។ ទី២-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។ ទី៣- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត។ ទី៤- មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត។ ទី៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត។ ទី៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច។ ទី៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។ ទី៨- ត្រូវប្រកាន់ស្តាំជានិច្ច។ ទី៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងទី១០- ត្រូវតែប្រុងប្រយ័ត្នគ្រប់ៗគ្នា ជានិច្ច ក្នុងពេលបើកបរលើដងផ្លូវសាធារណៈ។

សូមបញ្ជាក់ថា៖​ ក្នុងការចែកមួកសុវត្ថភាពជូនប្រជាពលរដ្ឋនាឱកាសនោះ  គឺមានមួកសុវត្ថិភាពសរុបចំនួន ៤០ និងមានចែកខិតប័ណ្ណស្តីពី បទបញ្ញត្តិសំខាន់ៗនៃច្បាប់រាចរណ៍ផ្លូវគោក ស្ទីកឃ័រចំណាំងផ្លាត និងសៀវភៅច្បាប់ចរាចរផងដែរ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន