លោក លឹម សំអាត ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន


ក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ​ នៃ​ការិយាល័យច្រកចេញចូលតែមួយខេត្តប៉ៃលិន ដែលបានធ្វើឡើងនៅសាលប្រជុំក្រុម​ប្រឹក្សាខេត្ត​ប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨, អង្គបោះឆ្នោត បានបោះឆ្នោតគាំទ្រ​បេក្ខភាព លោក លឹម សំអាត អតីតជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តប៉ៃលិន​ដែល​បានចូលនិវត្ត, អោយធ្វើជាប្រធានការិយាល័យប្រជាពលរដ្ឋ​ នៃ​ការិយាល័យច្រក​ចេញ​ចូលតែមួយ​ខេត្តប៉ៃលិន និងបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី ហែម ចិន្តា និងលោក ង៉ែត វ៉ាន់នី ធ្វើជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ ដោយអ្នកទាំងពីរូបនេះ​ ទទួលបានសំលេង​គាំទ្រស្មើគ្នា។

អង្គបោះឆ្នោតដែលបានចូលរួមបោះឆ្នោតនាឱកាសនោះមាន ឯកឧត្តម ឡី ចាន់ឆាយ​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្ម​ខេត្ត តំណាងអង្គការសុខភាពយើង តំណាងសមាគមន៍នារី​កម្ពុជា​ដើម្បីសន្តិភាព ​និងអភិវឌ្ឍន៍ ព្រមទាំងតំណាងអង្គការកុមារកំព្រាក្នុងក្តីសង្ឃឹមថ្មីផងដែរ។

ឯកឧត្តម ឡី ចាន់ឆាយ ប្រធានប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបាន​មានប្រសាសន៍​ថា៖ ការិ​យាល័យប្រជាពលរដ្ឋ គឺនៅជាប់គ្នានឹងអង្គភាពច្រកចេញចូលតែមួយ​ ដែលបង្កើត​ឡើងក្នុងគោលបំណង ពិនិត្យមើលលើដំណើការផ្តល់សេវាសាធារណៈ​នៅច្រកចេញចូល​តែមួយ ជួនដល់ប្រជាពលរដ្ឋ និងជាអ្នកទទួលយក​នូវពាក្យបណ្តឹងតវ៉ានានា​របស់ប្រជា​ពល​រដ្ឋ ដូចជា៖ បណ្តឹងតវ៉ាលើការទាមទារកម្រៃសេវាក្រៅផ្លូវការលើស​ពីការ​កំណត់ ក៏ដូចជា​ការទទួលយកនូវការផ្តល់មតិយោបល់ កែលម្អនានារបស់ប្រជាពលរដ្ឋ លើការ​ផ្តល់​សេវាសាធារណៈ​របស់រដ្ឋបាលខេត្តប៉ៃលិនជាដើម។ ប្រជាពលរដ្ឋអាចប្តឹង​ទៅ​ការិយាល័យប្រជាពលរដ្ឋ អំពីការប្រព្រឹត្តខុសស្គងរបស់មន្ត្រី ដើម្បីឱ្យ​ការិយាល័យនេះ​ធ្វើការស្រាវជ្រាវ សម្រុះ​សម្រួល ដោះស្រាយ ឬ លើកយោបល់ជូនស្ថាប័ន ឬ អង្គភាពសម៉ី ដើម្បីដាក់ទណ្ឌ​កម្ម​​ដល់មន្ត្រីទាំងនោះ។ ឯកឧត្តមក៍បានផ្តាំផ្ញើរដល់ប្រធាន​ អនុប្រធាន​ការិយាល័យប្រពលរដ្ឋ​ដែលបានជាប់ថ្មី ត្រូវបំពេញតួនាទី​ភារៈកិច្ច​របស់​ខ្លួន ​អោយបាន​ត្រឹមត្រូវច្បាស់លាស់ និង​ត្រូវ​ចេះសហការ សាមគ្គីជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរអនុវត្ត​ការងារជាក់ស្តែង​ អោយទទួលបាន​លទ្ធផលល្អប្រសើ។ ទន្ទឹមនឹងនេះត្រូវមាន​ជំហរ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុង​ការសំរេច​ចិត្តធ្វើអ្វី​មួយ ដោយធ្វើយ៉ាងណាអោយសមស្របតាម​ច្បាប់គតិយុត្ត របស់រាជរដ្ឋា​ភិបាល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន