ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន រួមនឹងឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត គឺវត្តអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ និងវត្តស្រែអន្ទាក់ ស្ថិតក្នុងឃុំសាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន សំរាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ វេនទី១០ នេះ។
ទេយ្យវត្ថុដែលឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងមន្រ្តីរាជការរួមដំណើរបានយកទៅវេរប្រគេដល់ព្រះសង្ឃនាពេលនោះ រួមមាន៖ ក្នុងមួយវត្តៗ ទទួលបាន អង្ករ ១០០គក្រ, មី ០៥កេស, ទឹកក្រូច ០៥កេស ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៊ីវ ០៥យួរ, ទឹកសុទ្ធ ០៥កេស, ត្រីខ ០១យួរ, ស្ករស ០៥គក្រ, ប៊ីចេង ០៥កញ្ចប់, អំបិល ០៥គក្រ, ត្រីងៀត ១០គក្រ, សាច់ក្រក ១០គក្រ, ទឹកដោះគោ ០១កេស, និងបច្ច័យចំនួន ៣.៥០០.០០០រៀល ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ្ធ លោកយាយជី តាជី និងព្រះសង្ឃនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានលើកឡើងថា៖ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញនៅក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ កសាងវត្តអារាម ធ្វើបុណ្យ ធ្វើទាន និងប្រតិប័ត្តនូវប្រពៃណីទំនៀមទំលាប់របស់ព្រះពុទ្ធសាសនា ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជាតាំពីពេលនោះមក ដែលបាននាំមកនូវសេចក្តីសុខ ចំរើនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា , ថ្ងៃនេះឯកឧត្តមផ្ទាល់ និងមន្រ្តីរាជការមួយចំនួនទៀត បាននាំយកនូវទេយ្យទាន និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើជាចង្ហាន់ព្រះសង្ឃ និងសំរាប់កសាងសមិទ្ធផលនានាក្នុងវត្តបន្តទៀត ហើយក៏សំរាប់ឧន្ទិសនូវកុសលផលបុណ្យជូនដួងវិញ្ញាណខ័ន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និង ជីដូនជីតា ញាតិការទាំង៧សន្តាន ព្រមទាំងកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតពីលោកនេះ ទៅកាន់លោកខាងមុខទៅហើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត, ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សំរាប់បន្តដឹកនាំ អភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចំរើនទៅមុខទៀត។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋយើង ក៏ត្រូវចូលរួមលើកម្ពស់ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងគោរពនូវច្បាប់ចរាចរណ៍អោយបានខ្ចប់ខ្ជួន ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានការអាព្យាស្រ័យគ្នាទៅវិញទៅ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន