នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូសម្ព័ន្ធមេត្រីភាព របស់កងការពារព្រំដែនគោកលេខ៥០៤ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋ មន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ បានអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយទៅឧបត្ថម្ភជូនដល់នាយទាហាន និងពលទាហាន ក្នុងអង្គភាពកងការពារព្រំដែនគោកលេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ ៥០៤ បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈប្រតិភូរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងកងការពារព្រំដែនគោក៥០៤ ជាញឹកញាប់ អស់រយៈពេល៨ឆ្នាំមកហើយ។ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីកិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារព្រំដែនទាំងអស់។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់សម្តេច សូមនាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត។ ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ។ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា៖ នាឱកាសនោះគណៈប្រតិភូបានឧបត្ថម្ភជូនដល់អង្គភាពកងការពារព្រំដែន លេខ ៥០៤ រួមមាន៖ អង្ករ៥តោន ទឹកត្រី១០០យួ ទឹកស៊ីអ៊ីវ១០០យួឆាយប៉ូវ១០០គីឡូក្រាម ប្រហុក១០០គីឡូក្រាម ត្រីងៀត១០០គីឡូក្រាម សៀង១០០គីឡូក្រាម មីយើង១០០កេះ និងជូនថវិកាដល់អង្គភាព សម្រាប់ទិញសង្ក័សី និងខ្សែរភ្លើង ចំនួន ១៥០០ដុល្លា ព្រមទាំងឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន២៤២នាក់ ក្នុងម្នាក់ៗចំនួន ៨ម៉ឺនរៀលផងដែរ៕ ពិនិត្យ កែសម្រួល វួច ពឿន