ថ្ងៃ៦រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨, លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងមន្រ្តីរាជការក្រោមឱវាទ, លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋភូមិទឹកថ្លា បានអញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ គង់ស្តី កើតសុធា ព្រមទាំងលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និង ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ផងដែរ។
ពិធីកាន់បិណ្ឌវេណទី៧នេះ បានប្រារព្ធធ្វើឡើងចាប់ពីល្ងាចថ្ងៃទី៣០ ខែកញ្ញា និងបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ទៅតាមទំនៀមទំលាប់នៃពិធីបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរ ដោយពេលល្ងាចថ្ងៃទី៣០ ខែកញ្ញា មានពិធីថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធ ពិធីថ្វាយបង្គុំព្រះរតនត្រៃ សមាទានសីល និងសម្តែងធម៌ទេសនា។ លុះព្រឹកឡើង ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក៏មានការប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃ ពិធីរាប់បាត, ពិធីប្រគេនចង្ហាន់ត្រង់ដល់ព្រះសង្ឃ និងពិធីវេប្រគេននូវទេយ្យទាន និងបច្ច័យបុណ្យដល់ព្រះសង្ឃ ដើម្បីទុកតម្កល់កសាងសមិទ្ធផលនានាក្នុងវត្ត និងការឧទ្ទិសវេថ្វាយនូវបុណ្យកុសល់ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានៈមាតាបិតា ជីដូនជីតា ញាតិការតាំងប្រាំពីរសណ្តាន ដែលចែកឋានទៅលោកខាងមុខ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នេះម្ចាស់ដើមវេណ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានវេប្រគេនដល់ព្រះសង្ឃ នូវ អង្ករ៥០គីឡូក្រាម ,មី ,ទឹកក្រូច, ទឹកសុទ្ធ ស្ករស, តែ , ទឹកដោះគោ ,និងថវិកាចំនួន ២,៣៦៧.០០០រៀលផងដែរ។
កាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាមប្រពៃណីប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួងទ្រង់បានលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ,មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ, គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យទាំងពីរនេះ គឺមានន័យដូចគ្នា៕
ពិនិត្យ កែសម្រួល៖ វួច ពឿន