ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀងចំនួន២០គ្រួសារ នៅភូមិភ្នំរាំង ទទួល អំណោយពីអាជ្ញាធរខេត្តប៉ៃលិន


ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួម​ដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត​ លោកជំទាវ ជា លាភ អភិបា​លរង​ខេត្ត​ ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះសំណេះ​សំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពល​រដ្ឋ​ទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ២០គ្រួសារ នៅភូមិភ្នំរាំង​ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន​ខេត្តប៉ៃលិន។

ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍​ថា៖ ការចែក​អំណោយនៅ​ពេល​នេះ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាព របស់បងប្អូន ប្រជាពលរដ្ឋបាន​មួយរយៈពេលខ្លី។ ដូច្នេះ​សូម​បងប្អូនទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីបង្កើន​ជីវភាព​របស់បងប្អូនអោយប្រសើជាងមុន។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៍បាន​ផ្តាំដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយ​បង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង​ក្នុងគ្រួសារ ត្រូវរាយការណ៍​អាជ្ញាធរមូលដ្ឋានដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីរកជំនួយអោយបានទាន់​ពេលវេលា ។

សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ដែលទទួលអំណោយ​ពីអាជ្ញាធរ​ខេត្ត មានចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥Kgមី ១កេះ ផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន