ក្រុមហ៊ុនទេសចរណ៍ (SK) សហការជាមួយ មូលនីធិជនពិការថៃ-ចិន( Can You ) បានរៀបចំអាហារសាមគ្គី និងចែកថវិកាដល់ពលរដ្ឋក្រីក្រជាង ២០០០នាក់ នៅខេត្តប៉ៃលិន


ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មូលនីធិដើម្បីជនពិការថៃ-ចិន Can You សហការជាមួយ ក្រុមហ៊ុនទេសចរណ៍ដឹក​អ្នកដំណើរ មិនសូវុធខេមរា (KS) , ដឹកនាំដោយលោក មិន សូវុធ ប្រធានក្រុមហ៊ុនទេសចរណ៍មិនសូវុធខេមរា បានរៀបចំអាហារសាមគ្គី និងចែកថវិកាដល់ពលរដ្ឋក្រីក្រជាង ២០០០នាក់ នៅខេត្តប៉ៃលិន សំរាប់​ឱកាស​បុណ្យ​កាន់បិណ្ឌវេណទី៤ ស្ថិតនៅក្នុងបរិវេណវត្តសារវ៉ាន់ក្រោម ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូមកពីប្រទេសថៃជាច្រើននាក់ផងដែរ។

លោក មិន សូវុធ ប្រធានក្រុមហ៊ុនទេសចរណ៍ មិនសូវុធខេមរា (KS) បានឱ្យដឹងថា៖ ដោយសារឱកាសនេះ ជារដូវបុណ្យកាន់បិណ្ឌ ទើបលោកបានធ្វើការគៀងគរ ស្វែងរកដៃគូ ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលកំពុង​តែជួបការលំបាកក្នុងជីវភាព។ ជាមួយគ្នានោះដែរ លោកក៍សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងកើតជម្ងឺផ្សេងៗ ពីព្រោះរដូវមានភ្លៀងធ្លាក់ច្រើន។

ឯកឧត្តមឧត្តមសេនីយ៍ទោ ប៊ន សំអាត បានមានប្រសាសន៍ថា៖ ការធ្វើពិធីជួបជុំអាហារសាមគ្គីនេះ គឺចង់ឱ្យប្រជាពលរដ្ឋមានភាពជិតស្និទ្ធនឹងគ្នា ចេះសាមគ្គីគ្នា ដែលរួមរស់នៅក្នុងដំបូលសុខសន្តិភាពតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ឯកឧត្តមក៍បានសន្យាថា៖ កម្មវិធីជួបជុំគ្នានេះ ទើបតែធ្វើនៅក្នុងទឹកដីខេត្តប៉ៃលិនជាលើកទី១ ហើយក្នុងនាមឯកឧត្តម ជាតំណាងឱ្យក្រុមហ៊ុន និងមូលនីធិដើម្បីជនពិការថៃ-ចិន Can You នឹងមានការជួបជុំទទួលអាហារសាមគ្គីនេះ ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋក្រីក្រ ចំនួន ជាង ២០០០នាក់ បន្ទាប់ពីបានទទួលទានអាហារសាមគ្គី ១ពេល គឺទទួលបានថវិការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ២ម៉ឺនរៀលផងដែរ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន