នៅរមណីយដ្ឋានម៉េម៉ូរីយ៉ាផាឡេស ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ , អាជ្ញាធរសវនកម្មជាតិ បានបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ កម្ពុជា ជូនដល់ថ្នាក់ ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិនសរុបប្រមាណ១០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកម្មរងនៃអាជ្ញាធរសវនកម្មជាតិ, និង ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន។
មានប្រសាសន៍ស្វាគមន៍បើកអង្គសិក្ខាសាលា, ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា៖ ការផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម កម្ពុជា នាពេលនេះ នឹងជួយអោយមន្រ្តីរាជការយើងមានការយល់ជ្រាបកាន់ច្បាស់ពីច្បាប់ ស្តីពីសវនកម្មជាតិ , ស្តង់ដារសវនកម្មសាធារណៈ របស់ព្រះរាជាណាចក្រកម្ពុជាយើង។ ដូច្នេះមន្រ្តីរាជការដែលចូលរួមសិក្ខាសាលានៅពេលនេះ ត្រូវយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងលើកជាសំនួរអោយបានផុលផុស ដើម្បីបានជាចំណេះបច្ចេកទេស ក្នុងការអនុវត្តការងារជាក់ស្តែងទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព។
ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកម្មរង នៃអាជ្ញាធរសវនកម្មជាតិ បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសាលានៅពេលនេះក្នុងគោលបំណងបង្កើនសមត្ថភាព របស់មន្រ្តីរាជការខេត្តប៉ៃលិនលើច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃកម្ពុជា និងជំនឿទុកចិត្តពីអង្គភាពសវនកម្ម ក៍ដូចជាពីសំណាក់សាធារណជន សំដៅជំរុញអោយកាន់តែមានតម្លាភាព គណនេយ្យភាព ដែលជាមូលដ្ឋាននៃអភិបាលកិច្ចល្អលើការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។ ឯកឧត្តមក៍បានមានប្រសាសន៍បន្តថា៖ អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យ , មានភារកិច្ចចំពោះការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង និងក្រៅ របស់រាជរដ្ឋាភិបាល ហើយក៏ជាស្ថាប័នកំពូលមួយ ដែលមិនអាចខ្វះបាន ក្នុងប្រទេសនីតិរដ្ឋ។ ដូច្នេះហើយរាល់អង្គភាព មន្ទីរជំនាញក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការសាមគ្គី ជាមួយអាជ្ញាធរសវនកម្មជាតិ អោយបានល្អ ដើម្បីពង្រឹកការគ្រប់គ្រងហិរញ្ញវត្ថុ និង និងទប់ស្កាត់កំហុសឆ្គង និងក្លែងបន្លំថវិការបស់រដ្ឋបាលសាធារណៈថ្នាក់ជាតិ និងក្រោមជាតិ អោយមានប្រសិទ្ធិភាពខ្ពស់៕
ពិនិត្យ កែសម្រួល៖ វួច ពឿន