ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់រាជរដ្ឋាភិបាលជូនដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព ជំនាញជុំវិញខេត្ត មេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា៖ ការចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជននាពេលនេះ គឺជាការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលបានពលីឈាមស្រស់ សាច់ស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍បន្តថា អតីតយុទ្ធជនយើងនឹងទទួលបាននូវ អត្ថប្រយោជន៍ និងការរីកចម្រើនបន្ថែមទៀត តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល ដែលជាការតបស្នង សងគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ដែលធ្លាប់មានគុណូបការៈចំពោះជាតិ មាតុភូមិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលកន្លងមកបានយកចិត្តទុក្ខដាក់ចំពោះ អតីតយុទ្ធជន ជាជនពិការ សោធននិវត្តន៍ និងបាត់បង់សមត្ថភាពការងារ ដោយបាន កសាងផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ អោយមានការរស់នៅសមរម្យ និងការចុះសាកសួរសុខទុក្ខ នាំយកអំណោយផ្សេងៗ ទៅចែកជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតផងដែរ។
បើតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក ទោ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅឆ្នាំ ២០១៨ នេះ អតីតយុទ្ធជនដែលទទួលបានរបបបើកប្រាក់ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តប៉ៃលិនមានចំនួន ១,៥២៨នាក់ ហើយអតីតយុទ្ធជន ដែលបានទទួលប័ណ្ណ ប.ស.ស នាពេលនេះ មានចំនួន ២០០នាក់ ព្រមទាំងថវិកាឧបត្ថម្ភពីឯកឧត្តម គន់ គីម ក្នុងម្នាក់ៗ ចំនួន ២ម៉ឺនរៀលផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន