ក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំក្នុងការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់


ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន បានបើកសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តន៍ច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់​ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។​ សិក្ខា​សាលា​នេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកមេឃុំ ចៅសង្កាត់ លោកមេភូមិ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាននៅក្នុងខេត្ត​ ជាសិក្ខាកាមបាន​ចូលរួមសរុប​ប្រមាណ​ជិត 20០នាក់។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងឈឺដោយសារការជក់បារី និងការស្រូបផ្សែងបារី, ក្រសួង​សុខា​ភិបាលបានសហការជាមួយដៃគូពាក់ព័ន្ធ និងបានបង្កើតគណកម្មាធិការត្រួត​ពិត្យផលិតផល​ថ្នាំជក់ ដែលមានមន្រ្តី​មកពី​ក្រសួងពាក់ព័ន្ធចំនួ​២០ បានចូលរួម ដើម្បីអនុវត្តការងានេះឲ្យ​មានតម្លាភាព និងប្រសិទ្ធ​ភាព។ ឯកឧត្តមបានបន្តថាៈ តាមច្បាប់ បើសិនជាជនណា​ជក់បារីក្នុង​តំបន់ហាមឃាត់ នឹងធ្វើការផាកពិន័យម្នាក់ ២ម៉ឺនរៀល។ លើសពីនេះបើម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ជាដើម ដែលធ្វេសប្រហែសអោយមានអ្នកជក់បានរីក្នុងកន្លែង​ទទួល​ខុសត្រូវរបស់ខ្លួន និងត្រូវផាកពិន័យលើម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬម្ចាស់​សណ្ឋាគារ​នោះ​​ដោយគុណនឹង២។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រើប្រាស់​ថ្នាំជក់ ធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ យោងតាមរបាយការណ៍​អង្គការសុខភាពពិភពលោក ថ្នាំជក់សម្លាប់មនុស្ស ៧.២លាននាក់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះ​មាន ៨០% នៃអ្នកស្លាប់ទាំងនោះនៅប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានមាន​ប្រសាសន៍​បន្តថា៖ សំរាប់ប្រជាពលរដ្ឋកម្ពុជាវិញ តាមការអង្កេតស្រាវជ្រាវរយៈពេល៥ឆ្នាំម្តង ក្នុងចំណោម​មនុស្សពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានបង្ហាញថា ការប្រើប្រាស់ថ្នាំជក់ មានការថយចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ សំរាប់បុរស់ គឺចុះ ១៣.៦៨% ពោលគឺ ថយចុះពី៤៨.៩៨% មកនៅត្រឹមតែ ៣៥.៣% , ថយចុះ ៨.៩៣% ចំពោះស្ត្រី ពោលគឺ ពី២០.៥៣% មកនៅត្រឹមតែ ១១.៦%។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ​និងផ្សព្វផ្សាយឱ្យកាន់​តែសកម្មថែមទៀត ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នកឈឺ​ដោយសារការជក់បារី​ និងការ​ស្រូបយកផ្សែងបារី។

គួរបញ្ជាក់ផងដែរថា៖ ប្រជាជនកម្ពុជាប្រមាណ​២លាននាក់ កំពុងប្រើប្រាស់ផលិតផល​ថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារីប្រមាណ ២០១.៥លានដុល្លារ និងលើការ​ព្យាបាល​ជម្ងឺ ព្រមទាំងការបាត់បង់កំលាំងពលកម្មបណ្តាលមកពីជម្ងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ ១៦២.៧លានដុល្លារជារៀងរាល់ឆ្នាំ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន