មន្ត្រីមន្ទីរជំនាញជុំវិញខេត្តប៉ៃលិន ចំនួន២៥រូប ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មី


មន្រ្តីរាជការចំនួន ៤មន្ទីរជំនាញ ក្នុងខេត្តប៉ៃលិន សរុបទាំងអស់ចំនួន២៥រូប ត្រូវបានប្រកាស​តែង​តាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មី តាមគុណបំណាច់ សមត្ថភាព និងអតីតភាពការងារ។ ពិធីប្រកាស​តែង​  តាំងផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មីនេះ បានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិ​បាល​ខេត្ត​ប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ​ សមា​ជិក​ក្រុ​ម​ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងលោក-លោកស្រីថ្នាក់​ដឹកនាំមន្ទីរ កង​កំលាំង​ប្រដាប់អាវុធគ្រប់​លំ​ដាប់ថ្នាក់​ លោកអភិបាលក្រុង/ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន​មានប្រសាសន៍​ថាៈ ក្នុងឆ្នាំ២០១៨ នេះរដ្ឋបាលខេត្តកំពុងយកចិត្ត​ទុកដាក់ខិតខំជំរុញការ​ងារដំឡើងតួនាទី ភា​រ​កិច្ចជូនដល់មន្រ្តីរាជ​នៅតាម​អង្គភាព ​ស្ថាប័នជំនាញជុំវិញខេត្ត ស្របតាមច្បាប់​គតិយុទ្ធ​របស់មន្រ្តីរាជការ​ ក្នុងន័យលើកទឹកចិត្ត និងបង្កើន​ប្រសិទ្ធិភាព​ការ​ងារ​ផ្តល់សេវាសាធារណៈ​ និងការដោះស្រាយ​បញ្ហាប្រឈម​នានាជូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន និងជាពិសេស​ចូលរួមអភិវឌ្ឍន៍​ខេត្ត​អោយមានការរីកចំរើនបន្ថែមទៀត។​ ឯកឧត្តម ក៏បានមានប្រសាសន៍​ជំរុញអោយមន្រ្តីដែលទើប​ទទួល​បានការតែងតាំង និងផ្លាស់ប្តូរភារកិច្ច​ថ្មីទាំងអស់ ត្រូវត្រូវខិតខំប្រឹងប្រែងធ្វើការងារ ទៅតាមបទដ្ឋាន និងតាម​យុទ្ធសាស្រ្តនានា របស់រាជរដ្ឋា​ភិបាល និង ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃក្រមសីលធម៌ មន្រ្តីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវតួនាទី និងភារកិច្ចស្នូលរបស់ខ្លូន ប្រកាន់ខ្ជាប់នូវឥរិយាការងារទន់ភ្លន់ ម៉ឺងម៉ាត់ មានការទទួលខុសត្រូវ មានភាពស្មោះត្រង់ មានតម្លាភាព មានសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ហើយត្រូវធ្វើការលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកក្រោមឱវាទ។

សូមបញ្ជាក់ថា៖ មន្រ្តីដែលបានប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូភារកិច្ចទាំង៤ មន្ទីរនេះ សរុបមាន ចំនួន២៥រូប  ក្នុងនោះមន្ទីរមុខងារសាធារណៈខេត្ត ចំនួន៦រូប, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ចំនួន ៥រូប,  មន្ទីរសុខាភិបាលខេត្តចំនួន ០៥រូប  និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ០៦រូប ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន