ប្រជាពលរដ្ឋទីទាល់ក្រជាង ២០០គ្រួសារ ទទួលអំណោយស្បៀងសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា


ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំង​មន្រ្តីរាជការអមងំណើរមួយចំនួនទៀត បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ជូនដល់​ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ២២០គ្រួសារ​ នៅក្នុងខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាល តែងគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ និងខិតខំរកគ្រប់​មធ្យោបាយ ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋអោយ​មានភាព​ធូធា សំបូរសប្បាយ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋភិបាលបានយក​ចិត្តទុក​ដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តមាន៖ ផ្លូវថ្នល់ ប្រឡាយទឹក តភ្ជាប់បណ្តាញអគ្គីសនី ការគៀងគររកដៃគូមកវិន្និយោគ ការផ្តល់ជំនួយមនុស្សធម៌ និងការងារជាច្រើនទៀត ដើម្បី​បំរើដល់វិស័យសេដ្ឋកិច្ច ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានណែនាំ​ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវខិតខំដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូល​បន្ថែមសម្រាប់ជីវភាពគ្រួសារផងដែរ។

បើតាមរបាយការណ៍របស់ លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប្រជាពលរដ្ឋដែលមកទទួល​អំណោយ​ស្បៀងនាពេលនេះ គឺមានចំនួន ២២០គ្រួសារ មកពីឃុំ/សង្កាត់ទាំង ០៨ ក្នុងខេត្តប៉ៃលិន ដោយក្នុង​គ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម៕

ពិនិត្យ កែសម្រួល៖ វួច ពឿន