គណៈប្រតិភូខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


ឯកឧត្តម ផាន់ ចាន់ធុល និងគណៈប្រតិភូខេត្តប៉ៃលិន បាន​អញ្ជើញ​ដុត​ធូប គោរព​វិញ្ញាណក្ខន្ធ និង​បានសម្តែងនូវ​មនោសញ្ចេតនា​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ និងបានសរសេរ​លើសៀវភៅក្រាំងមាសមរណទុក្ខ ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះគណបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យគោរពកោតសរសើររបស់ប្រទេស និងប្រជាជនវៀតណាម។

សូមរម្លឹកថា៖ឯកឧត្តមត្រាន់ ដាយក្វាង ប្រធានាធិបតី​វៀតណាម បានទទួល​មរណភាព​ដោយសារជំងឺ នៅនៅម៉ោង ១០:០៥នាទីព្រឹក ​ថ្ងៃទី​២១ ខែកញ្ញា ២០១៨​ នៅក្នុង​មន្ទីរពេទ្យ​យោធា ក្នុង​ក្រុង​ហាណូយ ក្នុង​អាយុ ៦១​ឆ្នាំ​ ដោយឯកឧត្តម ​បាន​កាន់តំណែងជា​ប្រធានាធិបតី​វៀតណាម​កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៦ ហើយនឹង​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២១ ខាងមុខ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន