ថ្ងៃ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ សោ មុនីរ័ត្ន អភិបាលរងខេត្ត និងក្រុមគ្រួសារ សាច់ញាតិ ,លោកជំទាវ សុខ សារី និងក្រុមគ្រួសារ, ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តរតនសោភ័ណ្ឌហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាមប្រពៃណីប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួងទ្រង់បានលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ,មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ, គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យទាំងពីរនេះ គឺមានន័យដូចគ្នា។
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី១នេះ សាម៉ីដើមបុណ្យប្រមូលបច័្ចយបានចំនួន២លានរៀល សំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត និងបានជូនបច្ច័យដល់លោកតាជី លោកយាយជី ចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន១០០០០រៀលផងដែរ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន