មានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨, ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញអោយក្រុមការងារបច្ចេកទេស លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យលើសកម្មភាពការងាររបស់ខ្លួន អោយបានហ្មត់ចត់ ធ្វើយ៉ាងណាអោយការងារនេះសម្រេចបាន ១០០% នៅឆ្នាំ២០២៥។ ឯកឧត្តមបានបន្តថា តាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ នៅសហគមន៍ជនបទមានទឹកស្អាតប្រើប្រាស់ និងរស់នៅដោយមានអនាម័យល្អ។ ឯកឧត្តមក៍បានជម្រុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអជ្ញាធរពាក់ព័ន្ធ បន្តប្រឹងប្រែងអនុវត្តន៍ផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនេះ ដោយឈរលើការសហការគ្នាល្អ ជាមួយអង្គការដៃគូ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើអោយផែនការមួយនេះ ទទួលបានជោគជ័យ តាមការគ្រោងទុក ។
សូមបញ្ជាក់ថា៖ខេត្តប៉ៃលិនបានផ្តល់សេវាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទបានចំនួន៩០ ភូមិ ស្មើនឹង ៩,១១២ខ្នងផ្ទះ ក្នុងនោះមានសង្កាត់ប៉ៃលិនបានចំនួន១៣ភូមិ សរុប១,៩៦៨ ខ្នងផ្ទះ ,សង្កាត់អូរតាវ៉ៅបានចំនួន១០ភូមិ សរុប១,៣៥៣ខ្នងផ្ទះ , សង្កាត់ទួលល្វាបានចំនួន១១ភូមិ សរុប១.១០៥ខ្នងផ្ទះ, សង្កាត់បរយ៉ាខាបានចំនួន៧ ភូមិ សរុប៥៩៩ខ្នងផ្ទះ, ឃុំសាលាក្រៅបានចំនួន៨ភូមិ សរុប៤៩៨ខ្នងផ្ទះ, ឃុំស្ទឹងត្រង់បានចំនួន១៦ភូមិ សរុប១,០៦៤ខ្នងផ្ទះ, ឃុំស្ទឹងកាច់បានចំនួន១៦ភូមិ សរុប២,០១៥ខ្នងផ្ទះ , ឃុំ អូអណ្តូងបានចំនួន៩ភូមិ សរុប៥១០ខ្នងផ្ទះ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន