ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ត្រូវខិតខំលុបបំបាត់ជំងឺគ្រុនចាញ់អោយបានជាស្ថាពរនៅឆ្នាំ២០២៥ ដែលជាផែនការយុទ្ធសាស្រ្តជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។ ការថ្លែងបែបនេះគឺធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ប៉ៃលិន និងការដាក់អោយដំណើរការគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា(CMEP)នៅខេត្តប៉ៃលិន , នៅសាលប្រជុំភោជនីយដ្ឋានប៊ែមប៊ូ ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។ ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្តេជ្ញាខ្ពស់នឹងលុបបំបាត់ជំងឺគ្រុណចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២០ និងលុបបំបាត់រាល់ទម្រង់គ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូរ គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់(CMEP)នៅខេត្តប៉ៃលិនត្រូវរួមសហការគ្នា អនុវត្តអោយបានជោគជ័យតាមគោលដៅយុទ្ធសាស្រ្តដែលបានដាក់ចេញនេះ។ ឯកឧត្តមបានទៀតថា៖ ដើម្បីអោយការងារលប់បំបាត់ជម្ងឺគ្រុនចាញ់ទទួលបានជោគជ័យ តាមផែនការ យើងត្រូវបន្តផ្សព្វចផ្សាយ ផ្តល់សារអប់រំសុខភាព និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធីបង្ការជំងឺគ្រុនចាញ់ ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺគ្រុនចាញ់ និងស្វែងរកជួបប្រជាជនចល័ត ដែលឆ្លងកាត់ ឬ ចូលមករស់នៅក្នុងតំបន់ និងតាមព្រំប្រទល់ខេត្ត ដើម្បីឆ្លើយតបទៅនឹងជំងឺនេះឲ្យបានទាន់ពេលវេលា។
បើតាមការបញ្ជាក់របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានអោយដឹងថា៖ ករណីកើតជម្ងឺគ្រុនចាញ់បានថយចុះពី ១៤២ករណី ក្នុងឆ្នាំ២០១៦ មកនៅត្រឹម ៨៩ករណីក្នុងឆ្នាំ២០១៧ , ហើយក្នុង ឆ្នាំ២០១៨ គិតត្រឹមខែសីហា មានកើតជម្ងឺគ្រុនចាញ់ ៨៣ករណី , ក្នុងនោះមានអ្នកជម្ងឺស្រាលចំនួន ៧៨នាក់ និងធ្ងន់ចំនួន៥នាក់។ ចំពោះទម្រង់គ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម មានការថយចុះផងដែរ ដោយឆ្នាំ២០១៦ មានចំនួន៤៧ ករណី, ចុះមកត្រឹម ២៧ករណី ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គិតត្រឹមខែសីហា មាន៩ ករណី។ អង្គការដៃគូលុបបំបាត់ជំងឺគ្រុនចាញ់ចំនួនចំនួន០១គឺអង្គការ URC ឬអង្គការគម្រោងកម្ចាត់ជំងឺគ្រុនចាញ់នៅកម្ពុជា (CMEP)៕
ពិនិត្យ កែសម្រួល៖ វួច ពឿន