ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ជាប្រធាន, បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខាគយ និងរដ្ឋាករ, សាខាពន្ធដារ និង រតនាគារខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត, នៅសាលប្រជុំសាលាខេត្តប៉ៃលិន , ដើម្បីសិក្សាស្វែងយល់លើបញ្ហាមួយចំនួនរួមមាន៖ ទី១-ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទី២-ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន និងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ (រជ្ជទេយ្យបុរេប្រទាន)។ ទី៣-សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង/ស្រុក/ខណ្ឌ និងឃុំ/ សង្កាត់។ ទី៤-ការពង្រឹងសមត្ថភាពក្នុងការប្រមូលចំណូលថវិកាជាតិ សំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ និង ទី៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ រដ្ឋបាលខេត្តប៉ៃលិនមានកិច្ចសហប្ររតិបត្តិការល្អជាមួយខេត្តចាន់បូរី ប្រទេសថៃ, ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិន ក្នុងកិច្ចការងារទំនាក់ទំនងព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តថា ខេត្តប៉ៃលិនមានផលិតផលមៀនប៉ៃលិន ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស និងក្រៅប្រទេសដែលបានកំពុងបង្កើនជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ទន្ទឹមនេះខេត្តប៉ៃលិន ត្រូវបានក្រុមហ៊ុនបរទេសមួយចំនួន កំពុងមានការចាប់អារម្មណ៍ មកដាក់វិនិយោគ កសាងរោងចក្រប្រមូលទិញកសិផលពីបងប្អូនប្រជាពលរដ្ឋ មាន៖ ពោត ដំឡូងមី ស្វាយកែវរមៀត មៀនប៉ៃលិន ក៏ដូចជា ការវិនិយោគលើផ្នែករម្មណីយ៍ដ្ឋានទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅ លេងកំសាន្តនៅខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត និង មន្ទីរ-អង្គភាពពាក់ព័ន្ធក៏មានការយកចិត្តទុកដាក់បំពេញកាតព្វកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមវិញ គឺ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង /ស្រុក, ឃុំ /សង្កាត់ និង ស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រប់ផ្នែក មានការសហការគ្នា រក្សា និងគ្រប់គ្រងបានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ ពិសេសនៅមុនដំណើរការបោះឆ្នោត និងក្រោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ កាលពីពេលថ្មីៗនេះ។ រដ្ឋបាលខេត្ត ក៏បានបង្កើតអោយមានប្រជាការពារភូមិនៅតាមមូលដ្ឋាន សរុបចំនួន ៥០២នាក់ ទូទាំងខេត្តប៉ៃលិន ក្នុងការចូលរួមចំណែកកសាង ការពារ សុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានមានប្រសាសន៍កោតសរសើពីការរីកចំរើនរបស់ខេត្តប៉ៃលិន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត។ ឯកឧត្តមបានមានប្រសាសន៍ថា បញ្ហាសន្តិសុខ សុវត្ថភាពសង្កម គឺជាមូលដ្ឋានគ្រិៈនៃការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ដូច្នេះ គោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល គឺជាគោលដៅដែលយើងត្រូវតែអនុវត្តអោយបានល្អប្រសើ នៅក្នុងមូលដ្ឋានរបស់យើង។ ឯកឧត្តមបានកោតសសើរដល់អាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើការងារទំនាក់ទំនងព្រំដែនជាមួយភាគីថៃ ដែលធ្វើអោយព្រំដែនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍នៅតាមព្រំដែនប្រទេសទាំងពីរ។ ចំពោះការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋវិញ ឃើញថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអង្គភាពពាក់ព័ន្ធ អនុវត្តបានល្អប្រសើ គួយកជាខេត្តគម្រូ សម្រាប់ខេត្ត ក្រុងដទៃទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន