ថ្នាក់ដឹកនាំមន្ទីរអប់រំជំរុញអោយយុវជនខិតខំរៀនសូត្រ និងបណ្តុះគំនិតក្លាយជាសហគ្រិន


មានប្រសាសន៍ក្នុងទិវាសហគ្រិនភាពកម្ពុជា ដែលមានយុវជន សិស្សានុសិស្សចូល​រួមចំនួនប្រមាណ ២០០នាក់, នៅមន្ទីអប់រំយុវជននិងកីឡាខេត្ត នា​ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ , លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា​ខេត្ត​ប៉ៃលិន បានមាន​ប្រសាសន៍ជំរុញដល់យុវជន សិស្សានុសិស្ស ត្រូវខិតខំ​យកចិត្ត​សិក្សា​រៀនសូត្រ ក្រេបយក​ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបណ្តុះគំនិតស្មារតី​មោះមុត ​ដើរ​ឆ្ពោះ​ទៅ​រកភាពជា​សហ​គ្រិន​នៅថ្ងៃអនាគត់។ លោកបានបន្តថា ​សហគ្រិន​គឺជាចលករដ៏សំខាន់​ក្នុងបរិបទ​ទីផ្សារ​សេរី។ សហគ្រិនអាចជានាយកក្រុមហ៊ុន ក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម ទេសចណ៍ និងពាណិជ្ជកម្ម ដែលវិស័យទាំងអស់នេះ​ត្រូវការ​សហគ្រិនជា​ចាំបាច់​ដើម្បី​ធ្វើប្រតិបត្តការ ហើយដែល​បានផ្តល់នូវការងារជូនប្រជាពលរដ្ឋ និងយុវជនកម្ពុជា។ យុវជនក៏អាចបង្កើតគំនិតឆ្នៃប្រឌិត  បង្កើតមុខរបរអាជីវកម្មដោយ​ខ្លួនឯង អាចធ្វើជាថៅកែហាងទំនើប ហាងលក់ និងជួសជុលកុំព្យូរទ័រ​ទូរស័ព្ទ​ ហាងលក់កាហ្វេរ ហាងលក់ខោអាវ ស្បែកជើង លក់សំភារៈបណ្តាល័យ សម្ភារៈសិក្សាជាដើម។

សូមបញ្ជាក់ថាៈ ការរៀបចំទិវាសហគ្រិនភាពកម្ពុជាមានបំណង ៤គឺ ទី១៖ ជំរុញឲ្យមានសហគ្រិនភាពចំពោះសិស្សានុសិស្ស និងយុវជនធ្វើយ៉ាងឲ្យគាត់មានគំនិត ក្លាយខ្លួនទៅជានាយកក្រុមហ៊ុន។ ទី២៖ ការជួបជុំគ្នាបង្កើតបណ្តាញថ្មី ក្នុងការធ្វើកិច្ច​ការពង្រីកមុខរបររបស់ខ្លួន។ ទី៣៖ ផ្តល់ការណែនាំ ការបង្ហាញផ្លូវ ចាប់ផ្តើមមុខរបរថ្មី និងទី៤៖ ការធ្វើឲ្យសហគ្រិនរបស់ខ្លួនទទួលបានការផ្តល់មតិពីរាជរដ្ឋាភិបាល ក្នុងការ​ទំនាក់​ទំនងគ្នាទៅវិញទៅមក៕ ពិនិត្យ កែសម្រួល៖ វួច ពឿន