គណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ជួបប្រជុំសិក្សាពីប្រសិទ្ធភាពការងារប្រមូលពន្ធ និង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនៅច្រកទ្វារអន្តរជាតិព្រំ ជាមួយមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ


រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២​ព្រឹទ្ធ​សភា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​ប្រធានស្នាក់ការច្រក​ទ្វារ​អន្តរជាតិព្រំ ប្រធានការិយាល័យគយ និងរដ្ឋាករ សាខាកាំកុងត្រូល និង​នគរបាល​អន្តោប្រវេសន៍ ដែលប្រចាំការ​នៅច្រកអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីការទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទេសចរណ៍ សន្តិសុខ នៅតាមព្រំដែន​កម្ពុជា­-ថៃ ដូចជាៈ ស្ថាន​ភាព​នៃ​ចេញ ចូល របស់ប្រជាពលរដ្ឋ​ ភ្ញៀវទេសចរណ៍ ​នឹងការផ្លាស់ប្តូរទំនិញឆ្លងដែន នៅច្រកទ្វារអន្តរ​ជាតិ​ព្រំជាដើម។

លោក​ សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំបានឲ្យដឹងថា៖ នៅច្រកទ្វារអន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិនមានការទំនាក់ទំនង កិច្ចសហប្រតិបត្តិ​ការល្អ​ជាមួយ​ភាគី​ថៃ ដោយបានសំរួលការនាំចេញ នាំចូល​នូវទំនិញគ្រប់ប្រភេទជួនប្រជាពលរដ្ឋ អាជីវករដោយរលូន  និងបានទំនាក់ទំនងជួយសំរួលដល់បងប្អូន​ប្រជាពល​រដ្ឋ​ក្នុងការចេញ-ចូល រកស៊ី ធ្វើការនៅប្រតេសថៃ និងសំរួលការនាំអ្នកជំងឺដែលត្រូវសង្រ្គោះ​បន្ទាន់​ទៅព្យាបាល​នៅមន្ទីរពេទ្យប្រទេសថៃ, ទោះថ្ងៃឬយប់, ទោះមានលិខិតឆ្លងដែន ឬអត់មាន​លោខិតឆ្លង​ដែនក្តី គឺមិនមានការរាំងស្ទះទេ។ លោកបានបន្តថា បច្ចុប្បន្ននេះ បញ្ហាចោទជាចម្បង​នោះគឺស្នាក់ការច្រកទ្វារ​អន្តរជាតិព្រំ មិនទាន់​មាន​ដីសម្រាប់សាងសង់អាគារស្នាក់ការ អោយបានត្រឹមត្រូវ​នៅឡើយ។ លោកបាន​បន្តទៀតថា ចំពោះការងារប្រមូលពន្ធគយវិញ គឺក្នុងឆ្នាំ​២០១៧ ការិយាល័យគយ និងរដ្ឋាករខេត្ត​ប៉ៃលិន ​​​បានប្រមូលពន្ធលើសផែនការរហូតដល់ ៩៣% តែក្នុងឆ្នាំ២០១៨ នេះ ការប្រមូលពន្ធគយ​មានការធ្លាក់ចុះ ដោយសារអាជីវករ​ និងពាណិជ្ជករ​ដឹក​ទំនិញ​ចេញ-ចូល​ផ្សេង​ៗ ​​បានផ្លាស់ប្តូរទំនិញចេញតាមច្រកផ្សេងវិញ ដោយ​សារផែស្ងួត​រឹតបន្តឹងលើសេវាលើក-ដាក់ និងកំលាំងពលកម្ម។ ចំណែកសាខាកាំកុងត្រូលវិញ គឺតែង​តែធ្វើការ​ទប់ស្កាត់ទំនិញខូចគុណភាព ​និងទំនិញខុសច្បាប់នានា និងសហការ​ជា​មួយអាជ្ញាធរ​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង រឹបអូសយកទំនិញខូចគុណភាព​នៅតាមទីផ្សារ និងកន្លែង​លក់​ដូរ​តាមលំនៅ​ដ្ឋាន ដើម្បីធ្វើការកំទេចចោល។

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានមានប្រសាសន៍កោត​សរសើចំពោះការខិត​ខំប្រឹង​ប្រែងរបស់មន្ត្រីជំនាញ​ប្រ​ចាំ​ការនៅ​ច្រក​អន្តរជាតិព្រំ ដែលបានសហការ សំរួលដល់ការងារសព្វ​បែប​យ៉ាងរបស់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តមបាន​ផ្តាំ​ផ្ញើរអោយមន្ត្រី​ជំនាញគ្រប់ផ្នែករួមមាន៖ ស្នាក់​ការ​ច្រក​ទ្វារអន្តរជាតិព្រំ ការិយាល័យគយ និងរដ្ឋាករខេត្ត សាខាកាំ​កុង​ត្រូល​ខេត្ត និងនគរបាលអន្តោប្រវេសន៍ ត្រូវខិត​ខំអនុវត្តន៍ការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនអោយបានល្អបន្ថែម​ទៀត ជាពិសេសការងារពង្រឹងកិច្ច​សហការជាមួយភាគីថៃ ដើម្បីប្រែ​ក្លាយ​ព្រំដែនមួយប្រកប​ដោយសុខ​សន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយមានរីកចំរើនឡើង៕ ពិនិត្យ កែសម្រួល៖ វួច ពឿន