ក្រុមការងារបក្សចុះជួយឃុំអូរអណ្តូង ពិសារបាយសាមគ្គី ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា


រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨  ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុម​ការងារ​ចុះជួយឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងលោកជំទាវ សោ មុន្នីរ័ត្ន អនុប្រធាន​ក្រុមការងារ ព្រមទាំងសមាជិក សមាជិការក្រុមការងារមួយចំនួនទៀត បានរៀបចំកម្មវិ​ធី​ពិសារអាហារសាមគ្គី និង រាំលេងកំសាន្ត ជាមួយប្រជាពលរដ្ឋក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់បង/ប្អូនប្រជា​ពល​រដ្ឋ ដែលបានបោះឆ្នោត​គាំទ្រគណ​បក្ស​ប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប សម្រាប់​អណត្តិទី៦នេះ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឡី ចាន់ឆាយ បានមានប្រសាសន៍លើកឡើងថា៖ លទ្ធផលយ៉ាងធំធេងនេះ បានបញ្ជាក់ឲ្យឃើញថា៖១­/ ប្រជាជនត្រូវការសុខសន្តិភាព ស្ថិរភាព​សង្គម សេដ្ឋកិច្ចរីកចម្រើន និងការអភិវឌ្ឍក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែល​មាន​សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី។ ២/ មើលឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ដែលបានរំដោះប្រទេសជាតិ ពីគ្រោះមហន្តរាយ​នៃសង្គ្រាម​ស៊ីវិលរាំរ៉ៃ មកជាប្រទេសវិវឌ្ឍន៍ រីកចម្រើនទាំងសេដ្ឋកិច្ច វប្បធម៌ នយោបាយ ការទូត និង​លិទ្ធិ​ប្រជាធិបតេយ្យ ស្នើមុខ ស្នើមាត់លើឆាកអន្តរជាតិ ពិសេសនៅក្នុង​សហគមន៍អាស៊ាន។​៣/ សំឡេងគាំទ្រយ៉ាងច្រើនលើសលុប បង្ហាញពីឆន្ទះមោះមុតរបស់ពលរដ្ឋ ដែលបានជ្រើស​រើសផ្លូវប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តម ឡី ចាន់ឆាយ ក៍បានកោត​សរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះម្ចាស់សំឡេងឆ្នោត និងក្រុម​ការងារ​ចុះជួយភូមិទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុន និងក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ​រហូតសម្រេចទទួលបានជ័យជំនះ​យ៉ាង​ត្រចះត្រចង់។ ឯកឧត្តម ឡី ចាន់ឆាយ ក៍បានផ្តាំផ្ញើដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិក​ក្រុមការងារចុះជួយក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវបន្តអនុវត្តន៍គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ សែន ដែលបាន​លើក​ឡើងថា៖១/ ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋាន ឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាក​ក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហា តម្រូវការជាក់ស្តែង និងចាំបាច់នានា​ ជូនពលរដ្ឋ។២/ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុក ដាក់អនុវត្តន៍នូវគោលនយោបាយទាំង០៩ ចំណុច របស់គណបក្សប្រជាជន ឲ្យបានល្អប្រសើរ។៣/ បន្តអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់បែប យ៉ាងជូនប្រជា​ពល​រដ្ឋ។ ឯកឧត្តមបានបន្តទៀតថា សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ មិន​ត្រូវ​មានការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង៕ ពិនិត្យ កែសម្រួល៖ វួច ពឿន