សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន


ថ្ងៃទី១៥ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា​ខេត្ត​ប៉ៃលិន មានធ្វើ​ពិធីប្រកាសផ្ទេរ​តំណែង​ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្ត​ ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុងពិធីប្រកាសផ្ទេរ​តំណែងនេះដែរ ក៏មានការអញ្ជើញ​ចូល​រួមពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និង​ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា​ខេត្តប៉ៃលិនជាច្រើរូបទៀតផងដែរ។

បន្ទាប់ពីឯកឧត្តម កើត សុធា អតីតប្រធានគណកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តប៉ៃលិន ​បានធ្វើរបាយការណ៍សកម្មភាព​របស់គណបក្សខេត្ត ជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈ​ចាត់​តាំងគណបក្សប្រជាជនកម្ពុជា បានអាន​សេចក្ដី​សម្រេចស្ដីពីការផ្ទេរភារកិច្ច និងតែងតាំង​មន្ត្រី​គណបក្សប្រជាជនកម្ពុជា ដោយត្រូវបាន​សម្រេច​តែងតាំងឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្ត​ប៉ៃលិន អោយចូលកាន់តំណែង ជាប្រធានគណកម្មាធិការ​គណបក្ស​ប្រជាជនខេត្តប៉ៃលិន និង​ជាអនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ជំនួសឯកឧត្តម កើត សុធា ​ដែលត្រូវទៅទទួលភារកិច្ចថ្មី ជាទីប្រឹក្សាគណកម្មាធិការគណបក្ស​ប្រជាជនខេត្តប៉ៃលិន។​

​ឯកឧត្តម ផាន់ ចាន់ធុល​ ដែលទើបទទួលបានការតែងតាំងថ្មី បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះគណអចិន្រ្តៃយ៍​ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាពិសេស​​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ ដែលបានផ្តល់នូវជំនឿទុកចិត្ត​ អោយ​ឯកឧត្តម​បានទទួលមុខ​តំណែងជា​ប្រធានគណ​កម្មា​ធិ​ការគណបក្សខេត្តប៉ៃលិន និងជាអនុប្រធានប្រចាំការក្រុមការងារថ្នាក់​កណ្តាលចុះជួយ​ខេត្តប៉ៃលិន​។ ​ឯកឧត្ដម​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម​លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងធ្លុងសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គណបក្ស​ឲ្យកាន់​តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការ​ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ​ទៅ ដណ្តើមជ័យជំនះ​គ្រប់ការ​បោះឆ្នោតជាបន្តបន្ទាប់ទៀត។ លើសពីនេះទៅទៀតនោះ ឯកឧត្តម បាន​បេ្តជ្ញា​ចូល​រួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តន៍ឲ្យមានប្រសិទ្ធភាព​នូវ​គោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់​សេវាសាធារណៈជូន​ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ឯកឧត្តម​ក៏បានបេ្តជ្ញាខិតខំជំរុញការស្តារ កសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោ​បាយ​របស់​​គណបក្សប្រជា​​ជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិទី៦ នេះផងដែរ​៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជា​បានមានប្រសាសន៍​ថា៖​ ការតែងតាំង ការតម្លើងឋានៈ និងការផ្ទេរភារកិច្ច​មន្រ្តីគណបក្ស គឺជាការងារជាប្រក្រតី ដែលគណបក្ស​ប្រជាជនកម្ពុជា​គ្រប់ថ្នាក់ គ្រប់ផ្នែក តែងបានអនុវត្ត ដើម្បី​ឆ្លើយតបតាម​សំណូមពរ​ចាំបាច់របស់គណបក្ស និងស្របតាម​សភាពការណ៍ជាក់ស្ដែង​នៃដំណាក់កាល​នីមួយៗ​។ សម្តេចបានកោតសរសើរ​ចំពោះ ឯកឧត្តម កើត សុធា អតីត​ប្រធានគណកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តប៉ៃលិន ដែលកន្លងមក​បានយក​អស់​កម្លាំង​កាយ​ចិត្ត និងប្រាជ្ញាស្មារតីក្នុងការដឹកនាំ កសាង​ និងពង្រឹង​ពង្រីកគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តប៉ៃលិន អោយបានរីកចម្រើន រឹងមាំ ជាពិសេសក្នុងឋានៈជាអភិបាលនៃគណអភិ​បាលខេត្តប៉ៃលិន ដែល​​កន្លងមក​បានដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ ​និងយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៣ ​របស់រាជរដ្ឋាភិបាល ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ធ្វើអោយ​ខេត្តប៉ៃលិន បានប្រែមុខមាត់ថ្មីជា​លំដាប់ ស្របតាម​ការរីកចម្រើន​របស់ប្រទេស​ជាតិ។ សម្តេចវិបុលសេនាភក្តី ក៍បានផ្ដាំផ្ញើដល់ឯកឧត្តម ផាន់ ចាន់ធុល ​ដែលបាន​ទទួលបាន​ការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដឹកនាំ កសាងខេត្តប៉ៃលិន ឱ្យមានការរីក​ចម្រើន​ថ្មី​ៗបន្ថែមទៀត​ ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន​នូវលក្ខន្តិកៈ​របស់គណបក្ស​ និង កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយរបស់គណបក្ស​ ដែលថ្នាក់កណ្ដាល​បាន​ដាក់​ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃ​អោយបានរឹងមាំ​ ដោយ​ឈរ​លើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះ​ទៅកាន់​ការបោះ​ឆ្នោតនៅ​អាណត្តក្រោយៗទៀត អោយទទួលបានលទ្ធផល​​ជោគជ័យ​៕​ ពិនិត្យ កែសម្រួលៈ វួច ពឿន