នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨នេះ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន សហការរៀបចំដោយ វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និង នាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្វែងរកទីផ្សារ កសិផលដំឡូងមី និងពោត ជូនដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ ម្ចាស់សៃឡូ អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មនានា និងប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួនទៀតផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត និង លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ការរៀបចំអោយមាន វគ្គបណ្តុះបណ្តាលនេះគឺមានសារះសំខាន់ ដែលអាចជម្រុញសេដ្ឋកិច្ចនៅក្នុងខេត្តប៉ៃលិនអោយមានការរីកចំរើន និងលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យមឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ បច្ចុប្បន្នទីផ្សារដំឡូងមី និងពោត កំពុងមានសក្តានុពលជាខ្លាំង សម្រាប់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា មានខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ លោកបានបន្តថា ចំពោះទីផ្សារកសិផលដំឡូងមី និងពោត របស់ប្រជាពលរដ្ឋយើង មានប្រទេស ០៣ សំខាន់ៗ រួមមាន៖ ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដែលរៀបចំអោយមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រជាពលរដ្ឋខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថាៈ ការស្វែងរកទីផ្សារកសិផលដំឡូងមី និងពោត គឺជាតម្រូវការចាំបាច់មិនអាចខ្វះបានឡើយ ព្រោះប្រជាពលរដ្ឋខេត្តប៉ៃលិនភាគច្រើនគឺជាអ្នកចំការ។ ដូច្នេះការធ្វើយ៉ាងណាអោយតម្លៃកសិផលរបស់ប្រជាពលរដ្ឋខ្ពស់នៅលើទីផ្សារ គឺជាជោគជ័យរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់យើង។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តប៉ៃលិនបានកំពុងមានក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិកម្មអោយកាន់តែសម្បូរបែបទៀតផង ដែលនេះជាឱកាសមួយដែលអាចអោយប្រជាកសិករយើងមានភាពងាយស្រួលក្នុងការទិញ-លក់ និង មានទីផ្សារ ស្ថិតស្ថេរ ច្បាស់លាស់៕ វួច ពឿន