អភិបាលខេត្តប៉ៃលិន អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមណ្ឌលខេត្តប៉ៃលិនឆ្នាំ២០១៨


ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំង លោកគ្រូ អ្នកគ្រូ បានអញ្ជើញបើកលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវការត្រេកអរ សប្បាយ​រីករាយ​ ចំពោះក្មួយៗដែលបានប្រឡងជាប់ និងមានការសោកស្តាយចំពោះ​ក្មួយៗដែល​ប្រឡងធ្លាក់។ ប៉ុន្តែទោះជាយ៉ាងណាក្មួយៗមិនត្រូវអស់សង្ឃឹមដែរ គឺក្មួយៗដែល​ប្រឡងធ្លាក់ ក៏អាចទៅបន្ត​ការសិក្សាថ្នាក់បរិញ្ញាបត្ររងនៅមហាវិទ្យាល័យបាន ឬក៍សិក្សាជំនាញវិជ្ជា​ជីវៈផ្សេងៗ  ដើម្បីយកចំណេះ ជំនាញទៅប្រកបរបរចិញ្ចឹមជីវិត។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍ថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការ​កែទម្រង់​ក្នុងវិស័យ​អប់រំ ងវិស័យកីឡា អោយមានគុណភាព។ ដូច្នេះសិស្សានុសិស្សទាំងអស់​ត្រូវមានការ​ព្យាយាម ​​សិក្សារៀន​សូត្រ មិនអាចធ្វេសប្រហែសបានទេ ទើបយើងទទួលលទ្ធផលល្អនៅ​ពេលប្រលង។​

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ស្មើនិង ១៦បន្ទប់ក្នុង​នោះចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និង វិទ្យសាស្ត្រសង្គម និងមានបេក្ខជនដាក់​ពាក្យ​​ប្រលងចំនួន ៣៨៦នាក់ ស្រី ១៩៨នាក់, អវត្តមាន ០២នាក់ ។ ជាលទ្ធផល​ឆ្នាំ២០១៨​នេះ សម្រាប់មណ្ឌលខេត្តប៉ៃលិន បេក្ខជនប្រលងជាប់មានចំនួន ២៣៥នាក់ ស្រី ១៣៦នាក់ ស្មើនឹង ៦១.១៩%  ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA = ០នាក់, និទ្ទេសB ចំនួន ៣នាក់ ស្រី ០៣នាក់, និទ្ទេសC ចំនួន ១៤នាក់ ស្រី ១០នាក់, និទ្ទេសD មានចំនួន ២៦នាក់ ស្រី ១១នាក់, និទ្ទេសE មានចំនួន ១៩២នាក់ ស្រី ១១២នាក់៕ វួច ពឿន