មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ជួសជុលផ្លូវលំ ១ខ្សែរ ប្រវែងជាង ២០គីឡូម៉ែត្រ ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ


ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន អភិបាលរងខេត្ត និងលោកជំទាវ ជា លាភ អភិបាល​រងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ, ក្រាល​ក្រួសល្បាយភ្នំ ១ខ្សែ​ប្រវែង ២០,៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ដើម្បីឆ្លើយតបតាមសំណូមពរ​របស់ប្រជាពលរដ្ឋ​ក្នុងឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើន​ឆ្នាំមកហើយ។

ក្នុងការអញ្ជើញបើកការដ្ឋាននាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត​ប៉ៃលិន បានមានប្រសាសន៍ថា៖ ផ្លូវលំមួយខ្សែនេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែររបស់មន្ទីរជំនាញខេត្ត សម្រាប់អោយប្រជាពលរដ្ឋធ្វើចរាចរណ៍។ ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិសំខាន់មួយទៀត ក្នុងឃុំស្ទឹងកាច់ និងឃុំ អូរអណ្តូង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ​ប្រើប្រាស់យ៉ាង​មមាញឹក។

ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់​ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួល​នូវផលប៉ះ​ពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័សព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការន៍របស់លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា៖ផ្លូវលំដែលបើកការដ្ឋានជួសជុលនាពេលនេះគឺជាប្រភេទផ្លូវលំក្រួសល្បាយថ្មភ្នំ មាន ប្រវែង ២០.៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយចាប់ពីភូមិក្ងោក ឃុំស្ទឹងកាច់ រហូតដល់ភូមិអូរ៥៧ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយប្រើប្រាស់គម្រោងថវិការបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត៕ េវួច ពឿន