អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានកសាងផ្លូវបេតុងចំនួន ២ខ្សែ ក្នុងសង្កាត់ប៉ៃលិន


ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ​អភិបាល​ខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និង ឯកឧត្តម ហុក សុផល អភិបាល​រងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួម​បើកការដ្ឋានកសាងផ្លូវ​បេតុងចំនួន២ខ្សែរ ដោយខ្សែរទី១ ស្ថិតក្នុងភូមិបរឌិននៀវ និងខ្សែរទី២ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុក​ដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់​ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខ ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ព្រមទាំង​ខិតខំកសាងសមិទ្ធិផលនានា ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាដើម ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បន្ទាប់ពីមានការលំបាកជាច្រើនឆ្នាំកន្លងមក ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ ត្រូវផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការន៍របស់លោក យ៉ាន អិត នាយកទីចាត់ការផែនការវិនិយោគខេត្ត បានឱ្យដឹងថា៖ផ្លូវបេតុងដែលបើកការដ្ឋាននាពេលនេះ គឺប្រវែង ៤០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយខ្សែរទី១ ស្ថិតក្នុងភូមិបរឌិននៀវ និងខ្សែរទី២ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយអនុវត្តន៍គម្រោងរយៈពេលចំនួន ១ខែ ប្រើប្រាស់ថវិកាគម្រោងវិនិយោគខេត្ត ឆ្នាំ២០១៨៕ វួច ពឿន