ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានពិធីបិតវគ្គវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលគ្រឿងយន្តកសិកម្ម និងម៉ាស៊ីនធុនតូច ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន, ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បូរី ប្រទេសថៃ។
ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា៖ ដើម្បីបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី និងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន យើងបានរួមគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនផ្ទាល់តែម្តង ដោយភាគីថៃ បញ្ជូនគ្រូជំនាញ និងសម្ភារៈបច្ចេកទេស មកបើកបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថា នៅឆ្នាំបន្ទាប់ៗទៀត ការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី នឹងបន្តសហការបើកវគ្គបណ្តុះបណ្តាល់ជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យបានច្រើនជាងនេះ ដើម្បីជួយបណ្តុះបណ្តាលកម្មករជំនាញអោយមានសមត្ថភាព បច្ចេកទេសគ្រប់គ្រាន់ សមស្របទៅនឹងតម្រូវការការងារទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ មន្រ្តីជំនាញខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែលបានជួយបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន, ឱ្យពួកគាត់មានចំណេះជំនាញច្បាស់លាស់ ដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិត។ ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញដល់មន្ត្រីជំនាញនៃខេត្តទាំង២ បន្តសហការគ្នាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២ ជាពិសេសការសហការបើកវគ្គបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
បើតាមការបញ្ជាក់របស់លោក គឺន សុគុន្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងវគ្គបណ្តុះបណ្តាលដែលសហការរវាង កម្ពុជា និង ថៃ នេះ គឺមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ ០៧ខែកញ្ញា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចំនួន ៤០នាក់ លើមុខជំនាញបច្ចេកទេស ជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលគ្រឿងយន្តកសិកម្ម/ម៉ាស៊ីនធុនតូច៕ វួច ពឿន