អភិបាលខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត


ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តនិងលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពង្រឹងវិន័យ និងប្រសិទ្ធភាពការងារ ក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ឱ្យបានកាន់តែប្រសើឡើង ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលសម្រាប់អណត្តិទី៦។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖សម្តេចតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ និងបានជំរុញលើកទឹកចិត្ត​អោយលោកគ្រូ អ្នកគ្រូ ខិតខំបំពេញការងារតាមជំនាញវិជ្ជាជីវៈរបស់ខ្លួនអោយបានល្អ ទទួលបានភាពជោគជ័យក្នុងការងារកំណែទម្រង់ប្រព័ន្ធអប់រំ ដើម្បីអោយកាន់តែមានគុណភាពប្រសើរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ដើម្បីជាការតបស្នងដល់ការខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់បៀវត្សជូនដល់លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ មិនតិចជាង ១លានរៀលនោះទេ ហើយនៅមានការតម្លើង ជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ។   បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ខេត្តប៉ៃលិន មានសាលារៀនចំនួន ១១៤សាលា ក្នុងនោះ មត្តេយ្យសិក្សាចំនួន ២៥សាលា, បឋមសិក្សាចំនួន ៤៩សាលា ,អនុវិទ្យាល័យចំនួន ៨សាលា និងវិទ្យាល័យចំនួន ២សាលា ។ មត្តេយ្យសិក្សាសហគមន៍ចំនួន ១២សាលា, មត្តេយ្យឯកជន ៩សាលា, និងបឋមសិក្សា ឯកជន ៩សាលា ដោយមានសិស្សានុសិស្សសរុបចំនួន ១៧៨២៧នាក់ ស្រី ៨៨១៧នាក់ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៧៤៩នាក់ ស្រី៣៣៥នាក់៕ វួច ពឿន