ឯកសណ្ឋាន និងវិទ្យុទាក់ទង ចំនួន ១៩ ឈុត ត្រូវបានបំពាក់ជូនបន្ថែម ដល់ប្រជាការពារភូមិអូរឈើក្រំ


ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ​២០១៨​ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត ឯកឧត្តម សៅ សារ៉ាត់ និង លោក ឧត្តមសេនីយត្រី ទី សុខា ប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារ អន្តរ ជាតិព្រំ និងសប្បុរសជន បានអញ្ជើញប្រគល់ឯកសណ្ឋាន និងវិទ្យុទាក់ទង ព្រមទាំងសម្ភារៈ បច្ចេកទេស មួយចំនួនទៀត ដល់ប្រជាការពារភូមិ ចំនួន ១៩នាក់, នៅទីស្នាក់ការ​ភូមិអូរ​ឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានធ្វើការ​ផ្សព្វផ្សាយ ពីគោលនយោបាយ ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ និងអំពីតួ​នាទី​ភារកិច្ច​ សិទ្ធអំណាច ​របស់​ប្រជាការពារភូមិ ដល់ប្រជាការពារភូមិទាំងអស់ ដើម្បីបានយល់ជ្រាប សំរាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃអោយទទួលលទ្ធផលល្អ។ ឯកឧត្តមក៏បាន​មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាការពារភូមិ​ទាំង​អស់​ដែល​បានចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​អាណត្តិទី៦ នាពេលកន្លងមក និងការ​គាំទ្រ​សម្តេចតេជោ ហ៊ុន សែន​ ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ ដើម្បីរក្សា​បាននូវសុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ​​បន្ថែម​ទៀត​។

សូមបញ្ជាក់ថា៖ ឯកសណ្ឋានប្រជាការពារ និងវិទ្យុទាក់ទងចំនួន ១៩ឈុត ព្រមទាំង​សម្ភារៈមួយចំនួន ដែលប្រគល់ជូនដល់ប្រជាការពារភូមិនាពេលនេះ គឺទទួលបានការឧបត្ថម្ភ​គាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននៅក្នុងខេត្ត ។ នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងសប្បុរសជន ក៍បានប្រគល់កង់ ចំនួន ០៣គ្រឿង ដល់សិស្សក្រីក្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅ​សាលារៀន​ផង​ដែរ ។ វួច ពឿន