នៅវត្តពោធិមារាម(ហៅវត្តប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ,ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋភិបាល និង ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអោយភ្លើងបូជាសព លោកស្រី ឃាងធីរ៉ាផន នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងត្រូវជាភរិយាលោក សៀក រតនៈ អនុប្រធានមន្ទីរសុខាភិបាលខេត្ត។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ មន្រ្តីរាជការក្នុងខេត្ត និងញាតិមិត្តជិតឆ្ងាយជាច្រើននាក់ផងដែរ។
លោកទឹម ស៊ីថន បានអានជីវប្រវត្តិ និងវិយោឝកថា អោយដឹងថា ៖ លោកស្រី ឃាង ធីរ៉ាផន កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៨ នៅភូមិទឹកល្អក់ ឃុំទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នរស់នៅផ្លូវលេខ៥៧ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, កំរិតវប្បធម៌ៈ ចប់ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ផ្នែកគ្រប់គ្រងទូទៅ ចំពោះផ្នែកភាសាបរទេស។ លោកស្រីបានបានបញ្ចប់ និងទទួលបានសញ្ញាបត្របញ្ជាក់កំរិតUpper intermediate នៅវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង។ លោកស្រី បានចូលបម្រើការងារក្នុងក្រមខ័ណ្ឌរដ្ឋនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៧ បច្ចុប្បន្នទទួលមុខតំណែងជានាយករងទីចាត់ការហិរញ្ញវត្ថុ នៅក្នុងសាលាខេត្តប៉ៃលិន ប្រភេទក្របខ័ណ្ឌមន្រ្តីជាន់ខ្ពស់ ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ៣។ លោកស្រីមាន កូន៣នាក់ក្នុងបន្ទុក ស្រី ១នាក់ ,ប្រុស ២នាក់ , មានឪពុកបង្កើតឈ្មោះ ឃាង ខាអុន នៅរស់ ស្រុកកំណើត ភូមិដីដុះ សង្កាត់កំពង់ចាម ក្រុងកំពង់សៀម ខេត្តកំពង់ចាម។ ម្តាយឈ្មោះ ឆែ យូឃាង នៅរស់ស្រុកកំណើត ភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ភវិយាដ៏ឧតុង្គឧត្តម និងជាម្តាយ,ជាកូន ដ៏ល្អប្រពៃចំពោះក្រុមគ្រូសារ និងសាច់ញាតិ។ ការបាត់បង់លោកស្រី ឃាង ធីរ៉ាផន គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អម្នាក់ ដែលធ្លាប់មានស្នាដៃ គុណសម្បត្តិយ៉ាងច្រើនក្នុងការបំរើជាតិ ប្រជាជនកន្លងមក។ឯកឧត្តមបានបន្តថា ក្នុងនាមជារដ្ឋបាលសាលាខេត្ត ព្រមទាំងមន្រ្តីរាជការទាំងអស់គ្នាសូមគោរពវិញ្ញាណក្ខន្ធរបស់លោកស្រី និងសូមបួងសួង សូមអោយវិញ្ញាណក្ខន្ធរបស់លោកស្រីទៅកាន់សុខតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាស នោះឯកឧត្តមក៏បាន ប្រគល់ថវិកាចំនួន២០លានរៀលសំរាប់កម្មវិធីបុណ្យសពផងដែរ។
សូមបញ្ជាក់ថា៖ លោកស្រី ឃាង ធីរ៉ាផន បានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពោណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២០:៥៤នាទីយប់៕