នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងារយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោឈៀង អិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការប្រចាំទិសទី៣ ប៉ៃលិន-សំឡូត និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការកសាង ពង្រឹងអង្គភាពរឹងមាំ នៅទីបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិន ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដែលស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន។
លោកវរសេនីយ៍ទោ ជួប វុទ្ធី មេបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិន បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ ឆ្នាំ ២០១៨ នេះ ផ្នែកសឹករងក្រុងប៉ៃលិន បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធខិតខំពង្រឹងកិច្ចការពារព្រំដែនគោក ដែលអង្គភាពខ្លួនទទួលខុសត្រូវបានរឹងមាំ និងបានរួមចំណែកការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយ ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ។ ទន្ទឹមនេះ នាយ និង ពលទាហានក៏បានខិតខំកសាងសមិទ្ធិផលនានា ដូចជា កសាងអាគារការិយ៉ាល័យ អាគារស្នាក់នៅ លេណដ្ឋានប្រយុទ្ធ និងចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការ ដើម្បីធានាដល់ជីវភាពរស់នៅរបស់កងទ័ពអោយប្រសើរឡើង។
លោកឧត្តមសេនីយ៍ទោ ឈៀង អិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការប្រចាំទិសទី៣ ប៉ៃលិន-សំឡូត បានកោតសសើរដល់ នាយទាហាន និងពលទាហាន ផ្នែកសិករងក្រុងប៉ៃលិនទាំងអស់ ដែលបានខិតខំកសាង និងពង្រឹងអង្គភាពរបស់ខ្លួនបានល្អជាពិសេសបានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ មានការគោរពវិន័យកងទ័ពបានល្អ និងបានចូលរួមជួយដល់ការងារសង្គមផងដែរ។ លោកឧត្តមសេនីយ៍ទោ ឈៀង អិត ក៏បានផ្តាំផ្ញើដល់នាយ និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការងារអប់រំចិត្តសាស្ត្រការងារចិញ្ចឹមទ័ព និង ត្រួតពិនិត្យ ថែររក្សាអាវុធយុទ្ធភ័ណ្ឌ និងសម្ភារយោធាផ្សេងៗទៀតអោយបានម៉ឺងម៉ាត់ និង បានគងវង់ល្អ ដោយទប់ស្កាត់បាននូវរាល់ការចរាចរណ៍លក់ដូរអាវុធឆ្លងកាត់ព្រំដែន។ព្រមជាមួយគ្នានេះត្រូវមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងតាមដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានអោយបានជិតស្និទ្ធ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ -ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព៕ វួច ពឿន