មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញដល់ក្រុមហ៊ុនប៉ៃលិនគ្រុប ធ្វើសៀវភៅការងារ និងធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា


មានប្រសាសន៏លើកឡើង ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេស ជំនាញ​ ជូនដល់បុគ្គលិកក្រុមហ៊ុនប៉ៃលិនគ្រុប នាព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ លោក អុំ ដារី អនុប្រធានមន្ទីរការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រ​សា​សន៏​​ជំរុញដល់ក្រុម​ហ៊ុន​ការស៊ីណូ​ប៉ៃលិន​គ្រុប​ ត្រូវធ្វើសៀវ​ភៅ​​​ការងារ និងធ្វើអត្តសញ្ញាណ​ប័ណ្ណ​អោយ​បានគ្រប់ៗគ្នា ដើម្បីការបំពេញ​ការងារអោយ​ស្រប​តាមច្បាប់ របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ។ លោកលើកឡើងថា៖ ក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា​​មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនកម្មករ​ និយោជិត ដោយមាន​ការ​ដំឡើងប្រាក់បៀវត្ស និងផ្តល់ប្រាក់ឧបត្ថមផ្សេងៗ ជាពិសេសបង្កើតអោយមានដំណេះស្រាយរួមមួយ រវាងកម្មករ និយោជិត ជា​មួយថៅកែ ដើម្បី​បង្ករអោយមានភាពសុខដុមនីយកម្មពីគ្នាទៅវិញទៅមក។ ទន្ទឹម​នឹងនេះ ​លោក​ក៏បា​នសំនូមពរដល់បុគ្គលិកដែលបានចូលរួមក្នុងវគ្គ​បណ្តុះបណ្តាល នាពេលនេះ ត្រូវខិត​ខំរៀនសូត្រ​ នូវបច្ចេកទេស ជំនាញទាំងឡាយនេះ ដើម្បីយកទៅអនុវត្តក្នុងការ​បំពេញ​ការងារជាក់ស្តែងទទួលបានលទ្ធផលល្អ។

បើតាមការបញ្ជាក់ពីលោក ទូច សុផលគុណ តំណាងអោយក្រុមហ៊ុន​ការស៊ីណូ​ប៉ៃ​លិន​គ្រុបបានដឹងថា៖ ក្រុមហ៊ុន​ប៉ៃលិនគ្រុបមានកម្មករ​ និយោជិត​ ជំនាញសរុប​ចំនួន៩៤៨នាក់ ស្រី៦៦៧នាក់ ក្នុងនោះ​មានជនជាតិបរទេស​ចំនួន៥៧នាក់ ស្រី១៩នាក់។ ក្នុងវគ្គបណ្តុះ​បណ្តាល​នៅពេលនេះ ក៏មានបុគ្គ​លិកក្រុមហ៊ុន សរុប​ចំនួន៤៥នាក់ ស្រី៤៣នាក់ ​បានចូលរួម៕  វួច ពឿន