នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ ប្រជាពលរដ្ឋ និងអាជីវករ មានសេចក្តីសប្បាយរីករាយ និងអបអរសាទរចំពោះមន្ត្រីជំនាញ ដែលដឹកនាំដោយលោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានសហការជាមួយអជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យរង្វាស់រង្វាល់ជញ្ជីងរបស់អាជីវករ ព្រមទាំងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្ត។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានថ្លែងអំណរគុណដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំដាក់ជញ្ជីងយុត្តិធម៌ សំរាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកទិញ និងអ្នកលក់នៅក្នុងផ្សារទទួលបានភាពយុត្តិធម៌ និងស្មើភាពគ្នា។
លោក ដួង អ៊ីមអនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានមានប្រសាសន៍ថា៖ ការយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹមនាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីផ្តល់នូវ ភាពត្រឹមត្រូវ សុក្រឹត្តភាព គ្មានការកេងប្រវ័ញ្ញដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា ផែនការបន្តរបស់មន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត គឺបន្តចុះត្រួតពិនិត្យរង្វាស់រង្វាល់នៅតាមផ្សារទូទាំងខេត្តប៉ៃលិនឱ្យបានជាប្រចាំ ហើយក្នុងនោះ មន្ត្រីជំនាញនឹងបន្តចុះពិនិត្យរង្វាស់រង្វាល់តាមការ៉ាស់សាំង និងជញ្ជីងថ្លឹងកសិផលតាមសៃឡូទទួលទិញកសិផលពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា៖នៅខេត្តប៉ៃលិនគឺមានផ្សារធំៗចំនួន៤ ដែលបាន និងកំពុងដាក់ជញ្ជីងយុត្តិធម៌ គឺទី១-ផ្សារសាលាក្រៅទី២-ផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីទី៣-ផ្សារព្រំថ្មី និងទី៤-ផ្សារប៉ាងរលឹមនេះ៕ វួច ពឿន