រថយន្តសង្គ្រោះ ០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានប្រគល់ជូនឱ្យមន្ទីរសុខាភិបាលខេត្តប៉ៃលិន


ថ្ងៃទី​២៧ ​ខែសីហា ​ឆ្នាំ​២០១៥៨ នៅ​មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ​ដោយរថយន្តសង្គ្រោះនៅខេត្តប៉ៃលិន មិនទាន់គ្រប់គ្រាន់តាមតម្រូវការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់រថយន្ត​សង្គ្រោះ​ ១គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ​ប្រធាន​មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌល​សុខភាព និងមន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​កកម្ពស់ ការពិនិត្យ និងព្យា​ល​បាល​ជំងឺ ជូន​ដល់​ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវ​ជួយ​ថែរក្សា​រថយន្ត​សង្គ្រោះ​នេះ​ឱ្យ​បានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​អ្នកជំងឺ​ពី​មូលដ្ឋាន​មកកាន់​មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឱ្យបាន​ទាន់ពេលវេលា។

បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៤គ្រឿង ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៣គ្រឿង និងមណ្ឌលសុខភាពភ្នំព្រាល ០១គ្រឿង សរុបទាំងអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមានចំនួន ០៥គ្រឿង៕ វួច ពឿន