មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានប្រកាសទទួលស្គាល់ជាមន្ទីរពេទ្យស្រឡាញ់ទារក


បន្ទាប់ពីចាប់ផ្តើមអនុវត្តន៍ជាមន្ទីរពេទ្យស្រឡាញ់ទារក ចាប់ពីពាក់កណ្តាលឆ្នាំ២០១៣មក ​ក្រោមការ​ចូលរួមជួយ​ឧបត្ថម្ភពីអង្គការ​Kofih និងមាន​ការជ្រោមជ្រែង​ដោយ​​មន្ទីរសុខាភិបាល​ខេត្ត មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន ​​ត្រូវបាន​វាយតម្លៃជាប់​ចំណាត់ថ្នាក់ថាជាមន្ទីរពេទ្យ​ស្រឡាញ់ទារក និងបានប្រកាសជាផ្លូវការ​នៅ​​ព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញ​ចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ តំណាងអង្គការជាដៃគូ និងប្រជាពលរដ្ឋ​ជាម្តាយយ៉ាងច្រើនផងដែរ។

លោកគ្រូពេទ្យ អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ដោយមាន​ការជួយគាំ​ទ្រ​ពីមជ្ឈមណ្ឌល​ជាតិ​គាំ​ពារ​មាតា និង​ទារក, មន្ទីរ​សុខាភិបាលខេត្ត បានខិតខំអនុវត្តការងាររបស់ខ្លួនតាំងពីពាក់កណ្តាលឆ្នាំ​២០១៣ រហូតទទួល​បាននូវការ​វាយតម្លៃ​ពីថ្នាក់ជាតិ ថាជា​មន្ទីរពេទ្យ​ស្រឡាញ់ទារក។ លោកបានបន្តថា ការងារ គាំ​ពារ​មាតា និង​ទារកនេះ មន្ទីរសុខាភិបាល​ខេត្តបាន​ពង្រីកដល់សហគមន៍មូលដ្ឋានប្រជាពលរដ្ឋ ដោយបានបណ្តុះបណ្តាលមេភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន៤១ភូមិ ឱ្យពួកគាត់ជួយដល់ម្តាយ ដែលចាកចេញពីមន្ទីរពេទ្យ ក៏ដូចជា ម្តាយ និងអ្នក​ថែទាំ​កុមារក្នុង​​សហ​​គមន៍​អោយ ចេះវិធីសាស្ត្រ​ល្អៗ​ក្នុងការអនុវត្ត​កិច្ចការ ចិញ្ចឹម​កូនឱ្យ​មានសុខ​ភាព​ល្អ​។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន​បានមាន​ប្រសាសន៍ថា៖ អត្រាឈឺ និងស្លាប់របស់មាតា ទារក និង កុមារ នៅតែជាបញ្ហាចម្បងចំពោះប្រទេសកម្ពុជា ​ដែល​មានបរិមាណ​ខ្ពស់ បើ​ប្រៀបធៀប​ជាមួយប្រទេសជិតខាងក្នុងតំបន់។ ដូច្នេះការផ្សព្វផ្សាយ ដាស់តឿន ក្រើនរំលឹក ជំរុញដល់មាតាគ្រប់រូបឱ្យយល់ដឹង​អំពី​ការបំបៅកូនដោយទឹកដោះម្តាយក្រោយកើតភ្លាមៗ  ព្រមទាំងបំបៅដោះតែមួយមុខគត់ រហូតដល់ទារកអាយុ​៦ខែ និងបន្តរហូតដល់ក្រោម២ឆ្នាំ គឺមានសារសំខាន់ក្នុងកិច្ចរួមចំណែកកាត់បន្ថយ​អត្រា​ឈឺ ស្លាប់របស់ទារក និងកុមារ។

លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន​ប្រសាសន៍ថា៖ ​ក្រសួង​សុខាភិបាល មានការ​ព្រួយ​បារម្ភ​​ពីការ​​រីករាល​​ដាល​​យ៉ាង​ឆាប់​រហ័យ ​នូវផលិតផល​អាហារ​ផ្សេងៗ​សម្រាប់​ចិញ្ចឹម ទារក និងកុមារ ​​ព្រមទាំង​​ការ​ប្រើ​ដប​បំបៅ​ទារក​ទើប​នឹង​​កើត។ លោកជំទាវ​ ​បាន​អំពាវ​នាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រូពេទ្យ នៃ​​មន្ទីរ​សុខាភិបាល​ខេត្ត​ ត្រូវយក​ចិត្តទុក​ដាក់​សហការ​​ជាមួយកម្មវិធី ជាតិអាហារូបត្ថម្ភ និងដៃ​គូរអភិវឌ្ឍន៍​ ​ដើម្បីបង្កើន​ចំនួន​មន្ទីរពេទ្យ​​ស្រឡាញ់​ទារក ​ឱ្យ​បាននៅទូទាំងខេត្ត ខណៈមក​ដល់​ពេលនេះ ខេត្តប៉ៃលិន គឺ​មានចំនួន​តែ ១កន្លែងប៉ុណ្ណោះ៕ វួច ពឿន