ក្រុមហ៊ុន អូស្ត្រាលី មានគម្រោងវិនិយោគការដាំដុះដំណាំពោតក្រហមនៅខេត្តប៉ៃលិន


ក្នុងជំនួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីសិក្សាពីគម្រោងវិនិយោគលើវិស័យកសិកកម្មនៅខេត្តប៉ៃលិន លោក Ben Bootleប្រធានក្រុមហ៊ុន BQL Agriculture Co.Ltd ជនជាតិអូស្ត្រាលី មានគម្រោងវិនិយោគការដាំដុះដំណាំពោតក្រហម ប្រមាណជាង ១ពាន់ហិចតា ដោយប្រើបច្ចេកទេស និងគ្រឿងចក្រកសិកម្មទំនើបៗ  របស់អូស្តាលី និងអាមេរិក។

លោក Ben Bootle បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយមើលឃើញពីសក្តានុពលលើវិស័យកសិកម្មក្នុងខេត្តប៉ៃលិន ដូចជា ដីមានជីជាតិល្អ អាកាសធាតុអំណោយ, ក្រុមហ៊ុន BQL Agriculture Co.Ltd មានបំណងចង់ ដាក់ទុនវិនិយោគលើការដាំដុះដំណាំពោតក្រហម ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ក្រុមហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុន BQL Agriculture Co.Ltd បានវិនិយោគលើវិស័យកសិកម្មដំណាំពោតក្រហមនេះនៅបណ្តាប្រទេសមួយចំនួនរួចហើយ ក្នុងតំបន់អាស៊ាន ដូចជា៖ ប្រទេសថៃ ឡាវ និងវៀតណាម ព្រមទាំងប្រមូលទិញពោតក្រហមរបស់ប្រជាកសិករក្នុងតំបន់នោះ ក្នុងតម្លៃខ្ពស់ ជាពិសេសបានផ្តល់ទុនកម្ចី និងបច្ចេកទេសកសិកម្មទំនើបៗថ្មីៗ ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលក្រុមហ៊ុនធ្វើការវិនិយោគនោះផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអូស្ត្រាលី BQL Agriculture Co.Ltd ដែលមានចំណាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្មក្នុងខេត្តប៉ៃលិន ពីព្រោះប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ជាង ៨០% ប្រកបរបរកសិកម្ម ។ ដូច្នេះឯកឧត្តម សង្ឃឹមថា ការវិនិយោគនេះ ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ជាពិសេសការនាំយកចំណេះដឹង បច្ចេកទេសកសិកម្មថ្មីៗ មកចែករំលែកដល់ប្រជាកសិករយើង។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការផលិតកម្មកសិកម្ម របស់ប្រជាកសិករខេត្តប៉ៃលិន គឺនៅមានកម្រិត ទាំងបរិមាណ និងគុណភាព មិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលត្រូវទាមទារឱ្យប្រជាកសិកររបង្កើនការផលិតតាមរយៈការប្រើប្រាស់បច្ចេកទេសខ្ពស់ ក្នុងការដំាដុះ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យការវិនិយោគ បានដំណើរទៅដោយរលូន ដើម្បីលើកកំពស់វិស័យកសិកម្មនៅក្នុងខេត្តប៉ៃលិន រួមចំណែកអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពប្រជាកសិករ តាមគោលនយោបាយលរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន មានផ្ទៃដីដែលអាចដាំដុះដំណាំពោតក្រហមបាន ចំនួន ៥៤០០០ហិចតា ប៉ុន្តែបច្ចុប្បន្នការដាំដុះដំណាំពោតក្រហមនៅក្នុងខេត្ត គឺទទួលផលបានត្រឹមតែជាង ១០ម៉ឺនតោនប៉ុណ្ណោះក្នុង ១ឆ្នាំ៕ វួច ពឿន