ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន សសយកខេត្ត ចុះជួយប្រមូលផលពោតក្រហម ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតកម្លាំងពលកម្ម ស្ថិតនៅភូមិកំពង់លៃ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំជួយដោះស្រាយនូវរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។ ជាក់ស្តែងនៅពេលនេះ ឯកឧត្តមក៍បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន សសយកខេត្ត ចុះជួយប្រមូលផលប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា៖ ការចុះជួយប្រមូលផលពោតនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត។ ឯកឧត្តមក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន សសយកខេត្ត ទាំងអស់ ដែលបានរួមសាមគ្គីគ្នាជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះសាមគ្គីភាព គឺជាកំលាំងចលករមួយដ៏ខ្លាំង ប្រកបដោយថាមពល និងជំនឿចិត្តខ្ពស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ គ្រប់សកម្មភាពក្នុងការបំរើកិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង។
សូមបញ្ជាក់ថា៖ ក្នុងការចុះជួយប្រមូលផលពោតក្រហម ជូនប្រជាកសិករ រយៈពេល ១ថ្ងៃពេញ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ បានជួយប្រមូលផលពោតបានចំនួន ១០ហិតា ព្រមទាំងជួយដឹកកសិកផលទាំងនោះ ទៅកាន់ទីផ្សារសម្រាប់លក់ផងដែរ៕ វួច ពឿន