ក្រុមជិះកង់មិត្តភាព កម្ពុជា-ថៃ ប្រមាណ ២៥០០នាក់ បានជិះកង់នៅលើទឹកដីខេត្តប៉ៃលិន និង ខេត្តបាត់ដំបង


​ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ប្រទេសថៃ បានអញ្ជើញបើកកម្មវិធីជិះកង់មិត្តភាព កម្ពុជា – ថៃ លើទឹកដីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានកីឡាករចូលរួមចំនួនប្រមាណ ២៥០០នាក់ លើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ​ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ​ការ​ជិះ​កង់មិត្តភាពកម្ពុជា-ថៃ (ប៉ៃលិន បាត់ដំបង និងចាន់បុរី) នាពេលនេះ គឺជាការ​ផ្លាស់ប្តូរ​បទពិសោធន៍ទៅវិញទៅមក ផ្នែកកីឡាជិះកង់ និងជាការពង្រឹងពង្រីក​កិច្ចទំនាក់ទំនង មិត្តភាព ​និង​ កិច្ចសហប្រតិបត្តិការ​រ​វាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃខេត្តជាប់ព្រំដែនប្រទេសតាំងពីរ​ ជាពិសេសផ្សព្វផ្សាយវិស័យទេសចរណ៍ដែលជាសក្តានុពលរបស់ខេត្តនីមួយៗ ។ ឯកឧត្តមក៏បាន បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងពីរប្រទេស ​បន្ត​ការគាំទ្រ និង​ចូលរួមជិះកង់ជាមិត្តភាពនៅពេលក្រោយៗទៀត និងសូមអោយ ​កីឡាករ​ កីឡាការិនី​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ ។​

ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ប្រទេសថៃ បានមានប្រសាសន៍ថា៖ ព្រះមហាក្សត្រថៃ បានរៀបចំឱ្យមានកម្មវិធីប្រកួតប្រណាំងជិះកង់មិត្តភាព ដើម្បីលើកទឹកចិត្តក្រុមអ្នកជិះកង់ ដើម្បីសុខភាព មិត្តភាព និងការពង្រឹងទំនាក់ទំនងរល្អវាងប្រជាពលរដ្ឋនៅតាមខេត្តជិតខាងនៃប្រទេសទាំងពីរ (កម្ពុជា- ថៃ) ដែលរួមមានខេត្តប៉ៃលិន និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា និងខេត្តចាន់បុរី ប្រទេសថៃ។

បើតាមការបញ្ជាក់របស់គណៈកម្មការការចម្រុះកម្ពុជា+ថៃ បានឱ្យដឹងថា៖ ការជិះកង់មិត្តភាពនេះគឺចាប់ចេញដំណើរពីច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅ៨៖០០នាទីព្រឹក និងបញ្ចប់នៅច្រកទ្វារអន្តរជាតិដូង ផ្សារបានឡែម ខេត្តបាត់ដំបង នៅម៉ោង ១២៖០០ ថ្ងៃត្រង់ ដែលមានកីឡាករចូលរួមចំនួនប្រមាណ ២៥០០នាក់ ក្នុងនោះកីឡាករកម្ពុជា ប្រមាណ ៥០០នាក់ ដោយជិះលើចម្ងាយផ្លូវសរុបចំនួន ១០០គីឡូម៉ែត្រ៕ វួច ពឿន