គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨


ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិនបានធ្វើសន្និបាទបូកសរុបលទ្ឋផល​​ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨​ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកស្រី ប៊ុន សូភី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន និងមានការអញ្ជើញរួមពីកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងគណបក្សនយោបាយ និងសមាជិកសមាជិកាគណកម្មការរៀបចំការបោះឆ្នោតទូទាំងខេត្តប៉ៃលិន។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារបោះឆ្នោតដែលអានដោយលោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការពោះឆ្នោតខេត្តប៉ៃលិនបានអោយដឹងថា៖ ប្រជាពល​រដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីឆ្នំា២០១៧មានចំនួន​ ២៩៥៨នាក់  ស្មើរនិង៤៧.៩៤% លុបឈ្មោះពីបញ្ជីចំនួន៦៤៦នាក់ ក្នុងនោះមានស្លាប់ចំនួន១១៤នាក់  ផ្ទេរចេញពីឃុំសង្កាត់ចំនួន ៤៥៥នាក់ ប្តូរការិយាល័យក្នុងឃុំសង្កាត់ចំនួន ៧៧នាក់ ។ សម្រាប់អ្នកចុះឈ្មោះថ្មីដោយប្រើឯកសារបញ្ជាក់អត្តសញ្ញាណមានចំនួន ៥៣០នាក់​។ ចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតសរុបចំនួន​ ៣២១៧៩ប័ណ្ណ បើគិតជាភាគរយបានចំនួន៨៤.៣៤% នៃចំនួនប័ណ្ណអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៣៨១៥១ប័ណ្ណ  និងបានចេញឯកសារអត្តសញ្ញាណប័ណ្ណសម្រាប់បម្រើអោយការបោះឆ្នោតចំនួន ៦៨១សន្លឹក និងបញ្ជាក់លើឯកសារសម្រាប់បម្រើអោយការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ បានចំនួន៤៨សន្លឹក ។ គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជន សម្រាប់មណ្ឌលខេត្តប៉ៃលិនមានចំនួន១១គណបក្ស និងមាន៣គណបក្ស បានដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារទាំងពេញសិទ្ធិនិងបម្រុង មានគណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួមរួមជាតិ ចំណែកអ្នកសង្កេតការណ៍ដែលមកពីអង្កការ សមាគមន៏មានចំនួន៦ ក្នុងនោះរួមមាន ៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន អង្គការតំណាងជនពិការខេត្តប៉ៃលិន សមាគមនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៏ អង្គការសុខភាពយើង និងសហព័ន្ធនិស្សិតបញ្ញាវ័នតប្រជាធិបតេយ្យកម្ពុជា។ ចំពោះការដាក់ និងទទួលបណ្តឹងក្នុងអំឡុងពេលបោះឆ្នោតសរុបចំនួន៣០បណ្តឹងទាំងនៅគណកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងនៅគណកម្មការរៀបចំការបោះឆ្នោតខេត្ត ហើយបណ្តឹងទាំងអស់ត្រូវបានដោះស្រាយរួចរាល់ស្របទៅតាមច្បាប់ បទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប។

លោកស្រី ប៊ុន សូភី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នេះ ត្រូវបានមតិជាតិ និងអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសេរី ត្រឹមត្រូវ គ្មានអំពើគំរាមគំហែង និងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ​ លោកស្រីក៏បានសរសើរ និងវាយតម្លែខ្ពស់ចំពោះគណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត ដែលចាត់វិធានការប្រកបដោយប្រសិទ្ឋភាពក្នុងការកិច្ចការពារសន្តិសុខ​ សុវត្ថិភាព និងសណ្តាប់ធ្នាប់សារធារណៈសម្រាប់កិច្ចដំណើរការបោះឆ្នោតទាំងមូលបានល្អ​ ហើយនិងវាយតំលៃខ្ពស់ ចំពោះគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះដែលបានអនុវត្តសិទ្ឋិ និងករណីកិច្ចរបស់ខ្លួន ដូចមានបែងចែកក្នុងច្បាប់​ និងក្រមសីលធម៌ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ផាន់ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉សលិន បានសំដែងការកោតសរសើរចំពោះមន្រ្តីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាតីរបស់ខ្លួនបានល្អ ដែលធ្វើអោយ​​​ដំណើរការបោះឆ្នោត ប្រព្តឹត្តិទៅប្រកបដោយសេរី​ត្រឹមត្រូវយុត្តិធម៌ ​ដែលជាមូលដ្ឋានគ្រឹះក្នុងការនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកងកំលាំងទាំងអស់ដែលបានចូលរួមក្នុងការការពារថែរក្សាឯកសារ សម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតទាំងនៅតាមគណម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ជាពិសេសការពារប្រកបដោយសុវត្ថិភាពចំពោះសម្ភារ និងមន្រ្តីដែលបម្រើការងារនៅការិយាល័យបោះឆ្នោតផ្ទាល់តែម្តងទាំងនៅមុនថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។

គួរបញ្ជាក់ថា៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ឆ្នាំ២០១៨ សម្រាប់មណ្ឌលខេត្តប៉ៃលិន រួមមាន៖ គណក្សខ្មែររួបរួមជាតិទទួល ៤៤៣សំលេង គណបក្សសញ្ជាតិកម្ពុជាទទួលបាន ១៩៩សំលេង គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ ទទួលបាន ១២០សំលេង គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន ២៧២សំលេង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យទទួលបាន ១០០សំលេង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតយ្យ ទទួលបាន ១៤៧២ សំលេង គណបក្សខ្មែរឈប់ក្រ ទទួលបាន ២៦៩សំលេង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៣០០សំលេង គណបក្សឆន្ទៈខ្មែរ ទទួលបាន ១១៤២សំលេង គណបក្សជនជាតិដើមប្រជាធិបតេយ្យ ទទួលបាន ១៣៦សំលេង គណបក្សប្រជាជនកម្ពុជា ទទួលបាន ២២៧៨៩សំលេង៕ វួច ពឿន