ឯកឧត្តម ផាន់ ចាន់ធុល៖ ជំហរសាមគ្គីភាព ឯកភាពផ្ទៃក្នុង គឺជាបញ្ហាចាំបាច់ដើម្បីអោយអង្គភាពមានការរីកចំរើន


មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​នៃ​គណអភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មាន​ខេត្ត ​ត្រូវ​យក​ចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ និង បង្កើនសមត្ថភាព​ជំនាញវិជ្ជាជីវៈអោយបានជាប្រចាំ ​ដើម្បីបំរើការងារលើវិស័យ​ព័ត៌មានអោយ​មាន​ភាព​រីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍ថា វិស័យព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុង​ការ​​ផ្សព្វ​ផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សកម្ម​​ភាពនានារបស់​ថ្នាក់ដឹក​នាំជាតិ ថ្នាក់ដឹកនាំខេត្ត និងការអភិវឌ្ឍន៍សព្វបែបយ៉ាងនៅ​ក្នុង​ខេត្ត អោយ​ប្រជាពល​រដ្ឋ​បានយល់​ជ្រាប។ ដូច្នេះទាមទា​អោយមន្រ្តីព័ត៌មាន ត្រូវមាន​សមត្ថភាព វិជ្ជាជីវៈខ្ពស់​ មានចំនេះដឹងទូលំទូលាយ។ ឯកឧត្តមបានផ្តាំផ្ញើសូមអោយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានត្រូវរៀប​ចំរចនាសម្ព័ន្ធមន្ទីរអោយបានច្បាស់លាស់ និងបែងចែក​ការងារ​ទទួលខុសត្រូវដល់អនុ​ប្រធានមន្ទីរ និង ប្រធានការិយាល័យជំនាញ​និមួយៗ​អោយបានត្រឹមត្រូវ​តាមច្បាប់ និងការណែនាំរបស់ថ្នាក់លើរបស់ខ្លួន៕ វួច ពឿន