ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី៥១ អាណត្តីទី២


នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ច​ប្រជុំសាមញ្ញ​លើកទី​៥១ អាណត្តិទី២របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ  អភិបាលរងខេត្ត, អភិបាល ក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។

​        របៀបវរៈនៃកិច្ចប្រជុំនេះមាន៖ ទី១ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០របស់ក្រុមប្រឹក្សាខេត្ត ។ ទី២ ពិនិត្យ និងអនុម័តរបាយការណ៏ការងាររបស់រដ្ឋ បាល​ខេត្ត​ប្រចាំខែ កក្តដា ឆ្នាំ២០១៨ និង ទី៣ បញ្ហាផ្សេងៗ។

បន្ទាប់ពីតំណាងរដ្ឋបាលខេត្តប៉ៃលិនបានអាននូវរបាយការណ៏ការងាររបស់រដ្ឋបាល​ខេត្ត ​ប្រចាំខែកក្តដា ឆ្នាំ២០១៨រួចមក សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងបញ្ហាប្រឈមមួយចំនួន ដើម្បីស្នើអោយអាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយអោយបានល្អប្រសើ ដែលរួមមាន៖ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួននៅមានការយឺតយ៉ាវ។ ទី២/បញ្ហារថយន្តដឹកដីធ្វើអោយធ្លាក់មកលើផ្លូវ  បណ្តាលអោយខូចខាតផ្លូវ , រថយន្តធុនធំបើកលឿន និង ​ដឹក​លើសទម្ងន់ ធ្វើអោយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ។ ទី ៣/ ប្រជាពលរដ្ឋរស់នៅនៅក្បែរភ្នំយ៉ាតបោះចោលសំរាមចូលទៅក្នុងលូ ដែលបណ្តាលអោយស្ទះលូ។ ទី៤/បញ្ហាទឹកស្អាតនៅតែល្អក់ ធ្វើអោយបះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ទី៥/​បញ្ហា​ការចាយថវិកាកម្មវិធីមិនទាន់បានត្រឹមត្រូវ និង ទី៦/បញ្ហាកា​រសាងសង់​អាគាររដ្ឋបាលនៅមាត់ច្រកអន្តរជាតិព្រំ នៅមិនទាន់បានដំណើរការ។

ឯកឧត្តម ផាន់ចាន់ ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ​បញ្ហាដែល​សមាជិកនៃកិច្ចប្រជុំបានលើកឡើងនៅពេលនេះ សូមអោយមន្ទីរ អង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយអោយបានល្អឡើងវិញ ដើម្បីភាពររីកចំរើន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​គ្រប់បណ្តាមន្ទីរ អង្គភាពជំនាញជុំវិញខេត្តទាំងអស់ត្រូវសហការ សាមគ្គីគ្នាអោយបានល្អ ខិតខំអនុវត្តការងារជំនាញរបស់ខ្លួន ​ពិសេសត្រូវសហការគ្នា ក្នុងការដោះស្រាយតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមាន​ប្រសាសនកោតសសើរ​ដល់​រដ្ឋបាលខេត្តប៉ៃលិនដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា​ដែល​កើតមានឡើងកន្លងមក ទទួល​បានលទ្ធផលល្អ ជាពិសេសការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការងារអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីក   ចំរើនជាលំដាប់។ ចំពោះបញ្ហាទឹកស្អាត និងបញ្ហាប្រជាពលរដ្ឋរស់នៅក្បែភ្នំយ៉ាតចោលសំរាមចូលក្នុងលូ សូមអោយរដ្ឋ​បាល​ក្រុង ​មន្ទីរអង្គភាពដែលជាប់​ពាក់ព័ន្ធ ​ត្រូវចុះត្រួត     ពិនិត្យ ដោះស្រាយអោយបានឆាប់រហ័ស។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចសហការ ការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋអោយបានល្អបន្តទៀត ដើម្បីផ្តល់ឱកាសពួកគាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខ សុភមង្គល៕ វួច ពឿន