ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទីខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ គោលនយោបាយរបស់រាជរដ្ឋភិបាល គឺ ផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សំដៅធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បរិស្ថាន និងការបំរ៉ែបំរួលអាកាសធាតុ។ លោកបានបន្តថា ការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដានេះ គឺបានផ្តល់ឱកាសឱ្យ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សបានចូលរួម ដើម្បីបណ្តុះគំនិត និងការយល់ដឹងស្តីពីគុណប្រយោជន៍របស់ព្រៃឈើសម្រាប់ការរស់នៅ ទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។
ឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ព្រៃឈើបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់មនុស្សយើង។ បើគ្មានព្រៃឈើទេ នឹងធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង រដូវកាលមិនទៀងទាត់ បង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជា៖ អាកាសធាតុក្តៅខ្លាំង ខ្វះខាតទឹកប្រើប្រាស់ ទឹកជំនន់ ខ្យល់ព្យុះ ភ្លៀងជន់ ខ្យល់កន្រ្តាក់ជាដើម ដែលបណ្តាលអោយខូចខាតផ្ទះសំបែង ផលដំណាំរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបំផុសស្មារតី ស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើរបស់យើង ជាពិសេសចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើចំការ និងត្រូវរួមគ្នាដាំដើមឈើឡើងវិញ ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ជាច្រើនឆ្នាំមកនេះ យើងបានដាំដើមឈើបានច្រើន តែជាលទ្ធផលដើមឈើមួយចំនួនធំត្រូវបានងាប់ទៅវិញដោយកត្តាផ្សេងៗ ពិសេសខ្វះការថែទាំ។ ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទនេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំ ដើមឈើរបស់យើង ឱ្យរស់រានមានជីវិត ធំលូតលាស់បានល្អ។
បើតាមរបាយការណ៍របស់លោក ឱម វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានឱ្យដឹងថា កូនឈើដែលបានយកមកដាំ និងចែកជូនដល់បណ្តាអង្គភាព និងប្រជាពលរដ្ឋនាពេលនេះ សរុបមានចំនួន ២.៥០០ដើម មានដូចជា លឿងរាជ ត្របែកព្រៃ ក្ងោក បេង គគីរ គ្រញូង អាកាស្យា ដើម្បីយកទៅដាំតាមផ្លូវជាតិលេខ៥៧ ចាប់ពីភូមិទឹកចេញ រហូតដល់ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕ វួច ពឿន