ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅខេត្តប៉ៃលិន បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌


ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨  ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣ល្ងាច ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅខេត្តប៉ៃលិន បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសសប្បាយរីករាយ គ្មានអំពើហឹង្សា ការគំរាមកំហែងអ្វីឡើយ ពោលគឺប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុត។ នៅក្នុងថ្ងៃនេះគេសង្គេតឃើញប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានអញ្ជើញទៅបោះឆ្នោតទៅការិយាល័យរបស់ខ្លួន ដោយទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា និងបានមកពីព្រឹកព្រលឹមស្រាងៗមកម្ល៉េះ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ បេក្ខជនតំណាងរាស្ត្រ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកំលាំងមានសមត្ថកិច្ច ប្រជាពលរដ្ឋ ព្រះសង្ឃ យាយជី តាជី ក៍បានអញ្ជើញមកឈរតម្រង់ជួរ នៅតាមការិយាល័យបោះឆ្នោត ដើម្បីរងចាំចូលក្នុងបន្ទប់សម្ងាត់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់៕ វួច ពឿន