ឯកឧត្តម ផាន់ ចាន់ធុល បន្តចុះឃោសនារកសម្លេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ នៅភូមិព្រៃមង្គល


ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារចុះជួយសង្កាត់អូរតាវ៉ៅ បានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ ចំនួន ជិត ២០០នាក់ នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ មាគាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ដោយបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជា​ប្រទេសដែល​ប្រកាន់​យកនូវលទ្ធិប្រជាធិបតេយ្យ ​សេរី​ពហុបក្ស ដោយ​ការបោះឆ្នោត​ គឺមាន​ការចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស ​ចំនួន ២០ ដែលគណបក្សប្រជាជនកម្ពុជាយើង គឺមានលេខរៀងទី២០ ។ ប៉ុន្តែមានការបំផុសបំផុល របស់ពួកក្រុមជនអគតិផ្កាប់មុខមួយចំនួន ដែលគិតតែពីប្រយោជន៍ក្រុមខ្លួន បម្រើបរទេស ក្បត់ជាតិ បំផ្លាញជាតិ បានធ្វើការញុះញុង និងចោទថា ការបោះបោះឆ្នោតខាងមុខ មិនមានលិទ្ធិប្រជាធិបតេយ្យទៅវិញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាង ៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស។ ជាក់ស្តែងនៅខេត្តប៉ៃលិនយើង ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ជំរុញដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចុះឱ្យដល់មូលដ្ឋាន និងគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និង ក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងខិតផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយខេត្តប៉ៃលិនយើង លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១៕ វួច ពឿន